នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសណ្ឋាគារ Sofitel Angkor ខេត្តសៀមរាប នឹងរៀបចំកិច្ចប្រជុំ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងពិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់តំបន់អាស៊ានអណត្តិថ្មី។

ក្នុងនោះផងដែរបុរសជនជាតិខ្មែរដំបូងគេដែលបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានកាលពីឆ្នាំ ២០១៩ លោក ខៀវ សាម៉េត បានបន្តដាក់បេក្ខភាពឈរឈ្មោះជាប្រធានជាថ្មី ហើយដែលត្រូវបានដឹងថាឈរឈ្មោះតែម្នាក់ឯងថែមទៀតផង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ២០២២ ដល់ ២០២៦៖
ប្រធាននាយ ឧត្តម សេនីយ៍ ខៀវ សាម៉េត (កម្ពុជា)
អនុប្រធាន​ Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេ)
Maaike Ira Puspita (ឥណ្ឌូនេស៊ី)
Francisco Martins da Costa Pereira Jerónimo (ទីម័រខាងកើត)។

ក្រៅពីតំណែងធំខាងលើក៏មានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា, សមាជិកក្រុមប្រឹក្សាស្តីទីហើយ គួរឱ្យកត់សម្គាល់ផងដែរ នោះកញ្ញា ម៉ៅ សាវីន ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្លិបនារីភ្នំពេញក្រោន ក៏មានឈ្មោះក្នុងសមាជិកក្រុមប្រឹក្សានារីផងដែរ ចំណោមស្ដ្រីចំនួន១២នាក់ ។

គួររំលឹកថានៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នាមហាសន្និបាតលើកទី២៦ សហព័ន្ធបាល់ទាត់ថ្នាក់តំបន់មួយនេះដែលរៀបចំនៅសណ្ឋាគារ សុខា ខេត្តសៀមរាប។

AFF មានសហព័ន្ធជាតិចំនួន ១២ ជាសមាជិកដែលក្នុងនោះមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ទីម័រខាងកើត និង អូស្ត្រាលី៕

Share.