នៅសណ្ឋាគារ Sofitel Angkor ខេត្តសៀមរាប

ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវបានបោះឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ បន្ទាប់ពីឆ្លងកាត់នៃកិច្ចប្រជុំ និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងមហាសន្និបាតរបស់ ( AFF) នៅសណ្ឋាគារ Sofitel Angkor ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៦ រួមមាន៖
ប្រធាននាយ ឧត្តម សេនីយ៍ ខៀវ សាម៉េត (កម្ពុជា)
អនុប្រធាន​ Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេ)
Maaike Ira Puspita (ឥណ្ឌូនេស៊ី)
Francisco Martins da Costa Pereira Jerónimo (ទីម័រខាងកើត)។

ឯកឧត្តម ខៀវ សាម៉េត

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រទេស​កម្ពុជាទទួល​បាន​តំណែង​ប្រធាន​នេះ ​​ដោយ​កន្លង​មក​ជន​ជាតិ​សិង្ហបុរី​ លោក Haji Kardono ធ្លាប់​កាន់​តំណែង​នេះ​ពី​ឆ្នាំ​១៩៨៤-១៩៩៤ ហើយ​ជន​ជាតិ​ថៃ​លោក Vijit Ketkaew ធ្លាប់កាន់​ពី​ឆ្នាំ​១៩៩៤-​១៩៩៦ រីឯជន​ជាតិ​មម៉ាឡេស៊ីលោក Tengku Tan Sri Dota’ Seri Ahmad Rithauddeen ធ្លាប់កាន់ពីឆ្នាំ១៩៩៦-១៩៩៨ និងជនជាតិម៉ាឡេស៊ីលោក Sultan Haji Ahmad Shah កាន់ពី​ឆ្នាំ​២០០៧-២០១៩។

កន្លងមកពោលគឺកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នាមហាសន្និបាតលើកទី២៦ សហព័ន្ធបាល់ទាត់ថ្នាក់តំបន់មួយនេះដែលរៀបចំនៅសណ្ឋាគារ សុខា ខេត្តសៀមរាប។

គួរបញ្ជាក់ថា មហាសន្និបាតលើកទី២៩ ត្រូវបានប្រមុខថ្នាក់ដឹកនាំ (AFF) ជ្រើសរើសខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខសហព័ន្ធកីឡាបាល់ទាត់ ដែលជាសមាជិករបស់ (AFF) ចំនួន ១២ប្រទេសផងដែរ រួមមានអូស្ត្រាលី, ព្រុយណេ,  ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និងម្ចាស់ផ្ទះកម្ពុជា ចំនួនសរុបប្រតិភូទាំងអស់ប្រមាណ៧៥នាក់៕

Share.