ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកងចាប់ក្របួចបាន ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ម៉ៅសេទុង ក្បែរស្ថានទូតចិន សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ វ៉ាន់ នីហ្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនទៅបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលបុរសរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីម ឆក់យកទូរស័ព្ទដៃ ម៉ាក I phone ពីដៃជនរងគ្រោះ តែមិនបានសម្រេច ទាក់ដៃចង្កូតដួល ធ្លាក់ជនសង្ស័យម្នាក់ ស្រែឆោឡោ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង ល្បាតជួប ចាប់ឃាត់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ វិច្ឆិកា

Share.