ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា វិលមកពីស្រុកខាងប្តី មិនទាន់ដល់ផ្ទះជួលផង វ៉ាក់អើរនឹងម៉ូតូជិះបញ្ច្រាសទិស ហ្វ្រាំងគេច ដួលប៉ះនឹងរថយន្តមួយគ្រឿងកំពុងបើកស្របទិស បណ្តាលឲ្យរងរបួសទាំង២នាក់ប្តីប្រពន្ធ រីឯរថយន្តគេបន្តបើកទៅបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់រួមមាន ៖ ឈ្មោះ ភិន ស្រីលីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ រងរបួសបាក់ជើងឆ្វេង មានស្រុកកំណើតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកប្តីរងរបួសស្រាល ឈ្មោះ អុន ឈុនលី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Y-3758 ជាមធ្យោបាយ ។

តាមសម្តីបុរសរងគ្រោះ បានឲ្យដឹងថា ខណៈដែលជិះម៉ូតូឌុបប្រពន្ធ វិលត្រឡប់មកពីស្រុករបស់ខ្លួននៅឯស្រុកត្រាំកក់ ខេត្តតាកែវ ឆ្ពោះត្រឡប់ទៅផ្ទះជួលវិញ ធ្វើដំណើរតាមបណ្តាលផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយ ម៉ូតូមួយគ្រឿងជិះលើផ្លូវបញ្ច្រាសទិស ហ្វ្រាំងគេច ដួលប៉ះនឹងរថយន្តមួយគ្រឿងកំពុងបើកស្របទិស បណ្តាលឲ្យរងរបួសទាំង២នាក់ ហើយរថយន្តនោះមិនឈប់ បានបន្តបើកទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ផ្ញើរទុកនៅផ្ទះពលរដ្ឋ នៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.