ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានប្រាប់ក្រុមគ្រួសារថាទៅមើលទឹកស្រែ បាត់យូរពេកក្រុមគ្រួសារទៅតាមហៅ ស្រាប់តែប្រទះឃើញ ដេកស្លាប់ នៅក្នុងទឹកមាត់ស្រះទឹក វាលស្រែមានស្លាកស្នាម ដាច់រហែកខោអាវ ទាំងក្នុងទាំងក្រៅ បាត់អស់គ្រឿងអល័ង្កកា និងលុយនៅជាប់តាមខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវាលស្រែក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ម៉ៅ អិត ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ ចិញ្ចៀនមាស៣ជី ក្រវិល១ជី ខ្សែក១ខ្សែ និងលុយ៤០មុឺនរៀល។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ តែងតែភ្ញាក់ពីព្រលឹមទៅមើល ស្រែចំការ ហើយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះបានសាបស្រូវនៅវាលស្រែរួចរាល់ លុះយប់ឡើងមានភ្លៀងធ្លាក់ នឹកខ្លាចលិចទី សាប ទើបនៅព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះភ្ញាក់ពីព្រលឹម ដើរទៅមើលដឹកស្រែ ដោយដាក់ លុយចំនួន៤០មុឺនរៀល តាមខ្លួន បម្រុងសម្រាប់ទិញជីបាចស្រូវផង។

ប្រភពបន្តទៀតថា ជនរងគ្រោះមុនចាកចេញទៅ ក៏បានប្រាប់ប្តី កូនចៅផងដែរថាទៅមើលវាលស្រែ លុះបាត់យូរពេក មិនឃើញជនរងគ្រោះវិលមកផ្ទះ ទើបក្រុមគ្រួសារ ទៅតាមហៅរកនៅចំណុចវាលស្រែរបស់ខ្លួន ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងទឹកមាត់ស្រះទៅវិញ នាំគ្នាស្រង់លើកឡើងគោក ដោយមានស្នាម មុតក្រចក លើដៃ ជើង ខ្លួន ដាច់រហែកខោអាវ ទាំងក្នុងទាំងក្រៅ អស់អស់គ្រឿងអលង្កកា លុយកាក់ បង្កឲ្យភ្ញាក់ផ្អើល សង្ស័យជាករណីវាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ខណៈដែលជនដៃដល់គេចខ្លួនបាត់ ។

សពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យកោសល្យវិច័យ ឃើញមានស្នាមរបួសលើខ្លួន ក ដៃជើង ជាករណីវាយសម្លាប់យកទ្រព្យសម្បត្តិ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវ ស្វែងតាមចាប់ខ្លួនជនដៃដល់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.