ភ្នំពេញ ៖ រថយន្តដឹកអង្ករមួយគ្រឿង អ្នកបើកបរងងុយដេក រេចង្កូតជ្រុលទៅបុករថយន្តដឹកឥដ្ឋពីក្រោយ ហើយរេចង្កូតជ្រុលឡើងសួនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលើងមួយដើម រួចក្រឡាប់បះជើងច្រូង ចាក់អង្ករ ចោលពេញផ្លូវ រងការខូចខាត និងរបួសព្រូរថយន្តម្នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តដឹកអង្ករ ម៉ាកនីសាន់ យុីឌុប ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1101 បើកបរដោយឈ្មោះ ទុយ ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយ ឈ្មោះ តាន់ លក្ខ ភេទប្រុស អាយុ១៨ឆ្នាំ ជាព្រូរថយន្ត ស្នាក់នៅភូមិទួលក្រឡាញ់ ឃុំស្រែព្រីង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានស្រុកកំណើតនៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសជើងស្តាំ។ ចំណែកភាគីខាងរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 បើកបរឈ្មោះ ធឿន ណារី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមុខប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមដំណើរជាមួយកម្មករម្នាក់ទៀត ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តបង្ក ធុនធំដឹកអង្ករបើកល្បឿនលឿនពីកើតទៅលិច ដោយសារងងុយដេក ដល់ចំណុចកើតហេតុ ជ្រុលបុករថយន្តដឹកឥដ្ឋពីក្រោយ ក្នុងដំណើរស្របទិស បណ្តាលឲ្យដាច់ធ្លាយទ្រុង ធ្លាក់ឥដ្ឋរាយប៉ាយ ហើយរថយន្តបង្កបន្តរេចង្កូតឡើងសួន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលើងមួយដើម មិនទាន់អស់ល្បឿន បោលរះលើសួនជាច្រើនម៉ែត្រ ហើយក្រឡាប់បះជើងច្រូង ចាក់បាវអង្កចោលពេញផ្លូវ រងរបួសព្រូរថយន្តម្នាក់ ជើងស្តាំ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ខាងលើ ក្រោយកើតហេតុ ថៅកែរថយន្តដឹកអង្ករ ធ្វើការសម្របសម្រួលជាមួយភាគីរថយន្តដឹកឥដ្ឋ ដោយចេញសងថ្លៃខូចខាតរថយន្តនិងឥដ្ឋចំនួន១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ។ រថយន្តបង្ក រួមទាំងការខូចខាង បង្គោលភ្លើងផងនោះ សមត្ថកិច្ច អនុញ្ញាតឲ្យ រើ ជញ្ជូន កើប ប្រមូលអង្ក បាវអង្ក ជូញ្ជូនដាក់រថយន្តផ្សេង រួចស្ទូចលើកយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយជាក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.