ភ្នំពេញ៖បុរសម្នាក់ សង្ស័យងងុយដេក បានបេីករថយន្តធុនធំប្រភេទ កុងទីន័រ រេចង្កូតបុក ស្លាកសញ្ញាពាណិជ្ជ កម្មបាក់មួយផ្ទាំង រួចហោះរំលង សួនផ្កាប៊ិះនឹងបុក បង្គោលភ្លើងមួយដេីមទៀត។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ០១:០០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ បេីករថយន្ត ធុនធំ កុងទីន័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 4A- 1791 ដែលបេីកបរ ទិសដៅ ពីជេីង មកត្បូង ស្រាប់តែមកដល់ចំណុច ទីតាំងកន្លែងកេីតហេតុ បានរេចង្កូត មកបុកស្លាក សញ្ញា ពាណិជ្ជកម្មដែលគេដាក់ កណ្តាល សួនផ្កា បាក់អស់មួយផ្ទាំង រួចរថយន្ត មិនទាន់អស់ល្បឿន ក៏ហោះផ្លោះ ជ្រុលប៊ិះទៅ បុកនឹង បង្គោលភ្លើងបន្ថែមទៀត។ ហេតុការណ៍ខាងលេីនេះ មិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកេីតហេតុ បុរសដែលបេីករថយន្តនោះ បានរត់គេចខ្លួន បាត់ស្រមោល រថយន្តខាងលេី ត្រូវបានសមត្ថកិច្ច ជំនាញ ចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាល់វែង រួចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.