ភ្នំពេញ ៖ លំនៅដ្ឋានពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆេះសម្ភារៈ ក្នុងផ្ទះជាន់ទី១ ដោយសារម្ចាស់ដោតឌុយខ្សែភ្លើងប្រើកុំព្យុទ័រទុកចោល ជាប់រវល់ចេញទៅរៀនបាត់ ទើបទុស្សេឆេះតែម្តង សំណាងល្អអ្នកជិតខាងជួយដាក់ម៉ូទ័របូមទឹកបាញ់ពន្លត់ទាន់ពេល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្ទះល្វែងជាន់ទី១ ខាងមុខវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចាំង សិត្យា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិស្សិតពេទ្យឆ្នាំទី៥ រស់នៅផ្ទះកើតហេតុ ៣នាក់បងប្អូន ។

បើតាមស្ត្រីម្នាក់ស្នាក់នៅផ្ទះកើតហេតុ ត្រូវជាបងស្រីបង្កើតរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះកើតហេតុជាផ្ទះប្អូនប្រុស របស់គាត់ ហើយមុនកើតហេតុ ខណៈដែលប្អូនប្រុសរបស់គាត់ ដោតខ្សែភ្លើងប្រើកុំព្យុទ័រទុកចោល រួចចេញទៅរៀនបាត់ គាត់រវល់តែទុកដាក់ រៀបចំផ្ទះនៅខាងក្រោម។បន្ទាប់មកស្រាប់តែអ្នកជិតខាងស្រែកប្រាប់ថា មានផ្សែងហុយនៅជាន់លើ ទើបផ្អើលឆោឡោ នាំគ្នារត់ឡើងទៅមើល ឃើញទុស្សេខ្សែភ្លើងនៅតុកុំព្យុទ័រ ឆេះ ផ្សែងហុយទ្រលោម បានអ្នកជិតខាងយកម៉ូទ័របូមទឹក ដាក់បូម អូសទុយោឡើងបាញ់ ពន្លត់ភ្លើងឲ្យរលត់ទៅវិញភ្លាមៗ ខូចខាតឆេះតែកុំព្យូទ័រអស់ ១គ្រឿង កៅអី១ តែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះនោះទេ ។

អត្ថបទ៖តាតុង សែនជ័យ

Share.