ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងឆាបឆេះទ្រព្យសម្បត្តិក្នុងផ្ទះ និងបណ្តាលឲ្យស្ត្រីវ័យ៧២ឆ្នាំម្នាក់ចេញមិនរួចថប់ដង្ហើមស្លាប់ក្នុងផ្ទះ ខណៈដែលកូនប្រុសរវល់នៅដេកជាន់លើជួយមិនទាន់។ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្ទះល្វែងអត់លេខ ស្ថិតនៅផ្លូវលេខ៣៣០ កែងផ្លូវលេខ១១៣ ភូមិ ៣ ក្រុម ៣៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កែវ ណារិន អាយុ៧២ឆ្នាំ ស្លាប់នៅក្នុងផ្ទះ ចំណែកកូនប្រុស អាយុ៣៥ឆ្នាំ មានសិតិមិនប្រក្រតី ដេកស្នាក់នៅជាន់លើ ។ មុនកើតហេតុ គេឃើញផ្សែងហុយចេញពីកន្លែងស្ត្រីរងគ្រោះ ដេកស្នាក់នៅជាន់ក្រោម ផ្អើលពលរដ្ឋហៅមិនឆ្លើយ ផ្សែងកាន់តែហុយខ្លាំង ទើបនាំគ្នាវាយគាស់បើកទ្វារ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់បាត់ ។

ក្រោយពីស្លាប់ស្ត្រីម្នាក់ ដោយសារភ្លើងឆេះផ្ទះ សមត្ថកិច្ចនិង អាជ្ញាធរចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ និងបានរកឃើញថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែង ថប់ដង្ហើម ផ្តើមចេញពីទុស្សេខ្សែភ្លើង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.