ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន ខណៈដែលកំពុងដើរនៅផ្លូវចំហៀងក្រុមហ៊ុន ស្រាប់តែធ្លាក់ឈើជ្រុងពីលើអគារសំណង់កម្ពស់១៧ជាន់ មកលើចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្លូវចំហៀងក្រុមហ៊ុន អូស្ត្រា ហ្វាញហ្វូត នៅតាមផ្លូវសុធារស ទល់មុខសាកលវិទ្យាល័យបៀលប្រាយ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ាត់ សុីថាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អូស្ត្រា ហ្វាញហ្វូត កាន់ខាងស្តុកអុីវ៉ាន់ ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះដើរចេញពីច្រកក្រោយរបស់ក្រុមហ៊ុន ជាកន្លែងធ្វើការ ក្នុងបំណងទៅយកម៉ូតូដើម្បីដឹកអុីវ៉ាន់ឲ្យភ្ញៀវ ខណៈដែលកំពុងដើរតាមផ្លូវ ចំហៀងអគារក្រុមហ៊ុន ស្រាប់តែមានឈើជ្រុង ប្រវែងជាង២ម៉ែត្រ ធ្លាក់ពីលើអគារសំណង់ កម្ពស់១៧ជាន់ ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

បើតាមប្រជាពលរដ្ឋរស់នៅ និងតម្រូវចេញចូលតាមផ្លូវនោះ បានឲ្យដឹងថា អគារសំណង់ សង់ដល់ទៅកម្ពស់១៧ជាន់ តែបែជាគ្មានសំណាញ់ហុំព័ទ្ធ បង្កា ការពារ ហើយកន្លងមកក៏ធ្លាប់ធ្លាក់ថ្ម ឈើ ដែកដែរ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរ តែឃើញនៅដដែល មកដល់លើកនេះ មិនមែនធ្លាក់កម្ទេចថ្ម ដែកទេ គឺធ្លាក់ឈើជ្រុង ៥សមx១៥សម ប្រវែងជាង២ម៉ែត្រ ចំក្បាលបុរសម្នាក់ ស្លាប់ភ្លាមៗ ។

ក្រោយពីកើតមានបញ្ហាបង្កឲ្យមនុស្សស្លាប់ ទើបលេច វត្តមានខាងអាជ្ញាធរចុះទៅបិទផ្អាកសំណង់ជាបណ្តោះអាសន្ន ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នកទទួលខុសត្រូវ ខាងសំណង់វិញ ប្រឈមផ្លូវច្បាប់យ៉ាងណានោះ សមត្ថកិច្ចកំពុងមានចំណាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.