ក្រុម​អង្គរថាយហ្គឺរ (Angkor Tiger FC) បាន​ចែក​ផ្លូវ​ជាមួយ​កីឡាករ​មួយ​ចំនួន​ក្រោយ​ចប់​​បេសកម្ម​ក្នុង​រដូវកាល​ឆ្នាំ​២០២២ នេះ ខណៈ​លោក Alistair Heath គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស បញ្ជាក់​ថា​លោក​កំពុង​តែ​រៀបចំ​រចនាសម្ព័ន្ធ ក្នុង​ក្លិប​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន នេះ​​ឡើង​វិញ។​

នៅ​លើ​ហ្វេសប៊ុក​របស់​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប មួយ​នេះ​លោក Alistair Heathបាន​លើក​ឡើង​ថា៖«ខ្ញុំ​មាន​សារ​សំខាន់​ចង់​ចែករំលែក​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ ក៏​ដូច​ជា​កីឡាករ ដោយ​ជា​ដំបូង​ខ្ញុំ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ និង​នៅ​តែ​បន្ត​គាំទ្រ។ ចំពោះ កីឡាករ​ចាស់ៗ​ដែល​បាន​ចាកចេញ​ពី​ពួក​យើង កាល​ពី​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​ប្រឹងប្រែង ចូលរួម​ជា​ចំណែក​របស់​ពួក​គេ​ក្នុង​រដូវកាល​កន្លង​ទៅ​នេះ​ ដែល​មាន​រឿង​ជា​ច្រើន​ទាំង​ពេល​វេលា​ល្អ និង មិន​ល្អ​រួមគ្នា​ជា​ច្រើន ហើយ​សម្រាប់​រឿង​នោះ ខ្ញុំ​ពិត​ជា​ដឹង​គុណ​លើការ​លះបង់​និង​យក​ចិត្តទុក​ដាក់​ក្នុង​ការហ្វឹកហាត់ និង​លេង​ជា​ក្រុម​ខ្លាំង​ណាស់។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នាពេល​អនាគត​របស់ពួកគេជាបន្តបន្ទាប់»។

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​យុវជន​ក្លិប Leicester City នៅអង់គ្លេស បាន​បន្ត​ថា៖«ទោះ​ជា​យ៉ាងណា​ក៏​ដោយ អ្វី​ដែល​យើង​បាន​បង្ហាញ គឺ ការ រៀបចំ រចនាសម្ព័ន្ធ ឡើងវិញ ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​អំពី​ រដូវកាល​មុន ឥឡូវ​នេះ​យើង​ក៏​កំពុង ដំណើរការ ដើម្បីបំពេញចំនុចខ្វះខាត។ ការ​សម្រេច​ចិត្តដ៏​លំបាក​ជាច្រើន​បាន​កើត​មាន និង​កំពុង​ត្រូវបានដំណើរការ​ដោះស្រាយ។ គួរ​បញ្ជាក់ថា​ទោះបីជា​ខ្ញុំនឹង​ធ្វើការ​ដាក់​កំហិត រឹតត្បិត​ក្នុង​ការអនុវត្ត​នូវ ការ​ដឹកនាំ និង​វិន័យថ្មីៗ​សម្រាប់​ក្រុម​អោយ​កាន់​តែ​ប្រសើរ ដូចអ្វី​ដែល​ខ្ញុំចង់​បាន ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ខ្ញុំកំពុងធ្វើការលើទម្រង់ដឹកនាំថ្មី និង​កែតម្រូវ​ពី​ចំណុច​ខ្វះខាត​ចាស់ នៃ​រចនាសម្ព័ន្ធ​ក្លិប​ឡើងវិញនេះឱ្យអស់ពីសមត្ថភាព ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៅ​មុខ​ទៀត​ដើម្បីលទ្ធផលកាន់តែប្រសើរ»។

អត្ថបទពាក់ព័ន្ធ៖ដោះដូរ​កីឡាករ៖ អង្គរថាយហ្គឺរ ចែក​ផ្លូវ​ជាមួយ​កីឡាករ​៦នាក់

ក្រុម​អង្គរថាយហ្គឺរ បាន​បញ្ចប់​រដូវកាល​នេះ​​ដូចជា៖
-លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​ចំណាត់​ថ្នាក់​លេខ​​៧
-​ពានរង្វាន់​សម្តេច​តេជោ ឆ្នាំ​២០២២ របូត​ចេញ​ត្រឹម​វគ្គ​ ១៦​ក្រុម​ចុងក្រោយ
-ពានរង្វាន់ Cambodian League 2022 ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល

Share.