ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកដល់ស្នាដៃកន្លងមកដែលឯកឧត្តម ជា ប៊ុនហេង អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ធ្លាប់កសាង មុនពេលត្រូវបានបញ្ចប់មុខតំណែងដោយសារកំហុសឆ្គង។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «មែនទែនទៅ យើងទាំងអស់គ្នាបានដឹងហើយពីមូលហេតុដែលនាំឱ្យមានការផ្លាស់ប្ដូរថ្នាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយសារតែឯកឧត្តម ជា ប៊ុនហេង គាត់មានបញ្ហា ហើយយើងក៏បានដោះស្រាយបញ្ហាហ្នឹងហើយ ពិតហើយគាត់ក៏មានស្នាដៃច្រើនដែរក្នុងការងារកីឡាក្រសួងមហាផ្ទៃ ប៉ុន្តែគាត់មានកំហុស ដូច្នេះយើងត្រូវតែដោះស្រាយ»។

នៅពេលរម្លឹកដល់អ្នកចាស់ សម្ដេចក្រឡាហោម ស​ ខេង ក៏បានទាញចំណាប់អារម្មណ៍អ្នកថ្មីដែលចូលកាន់មុខតំណែងនៅថ្ងៃនេះខិតខំបំពេញភារកិច្ចឱ្យបានល្អ ក្នុងនោះរួមមានឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ទោ យិត វីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ។

សម្ដេចក៏បានស្នើថ្នាក់ដឹកនាំថ្មីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវដឹកនាំ និងចាត់ចែងការងារប្រកបដោយទំនួលខុសត្រូវ និងចៀសវាងការដោះដូរមន្រ្តីដោយគ្មានការចាំបាច់ អាចនាំឱ្យប៉ះពាល់សតិអារម្មណ៍មន្រ្តី។ សម្ដេចសង្កត់ធ្ងន់ថា«មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេដែលរាជរដ្ឋាភិបាលផ្ដល់ក្របខណ្ឌអង្គភាពកីឡា ដូច្នេះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវពិនិត្យពិចារណាឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការផ្ដល់ក្របខណ្ឌឱ្យកីឡាករឆ្នើម និងអ្នកមានស្នាដៃល្អ។

ក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី តាមប្រភេទវិស័យកីឡាមានសក្ដានុពលរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០២២នេះផង ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកីឡារយៈពេលយូរអង្វែង។

សូមរម្លឹកថាឯកឧត្តម ជា ប៊ុនហេង ត្រូវបានសម្ដេចក្រឡាហោម ស្នើសុំសម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្របញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលធ្លាប់ទទួលជួយដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយសារតែត្រូវបានរកឃើញមានកំហុសដែលសម្ដេចក្រឡាហោមថ្លែងជាសាធារណៈថាពាក់ព័ន្ធនឹងការលក់ក្របខណ្ឌនគរបាលជាតិសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃ។

មិនត្រឹមតែដកមុខតំណែងឯកឧត្តម ជា ប៊ុនហេង ប៉ុណ្ណោះទេ កូនៗ និងមនុស្សស្និតនឹងឯកឧត្តម ជា ប៊ុនហេង ក៏ត្រូវបានបញ្ចប់មុខតំណែងធំៗក្នុងអង្គភាពនេះដែរ ដោយខ្លះក៏ត្រូវបានបន្ថយស័ក្ដិថ្នាក់ឧត្តមសេនីយ៍ វរសេនីយ៍ទៀតផង។ ដោយមិនបានរំលឹកចំៗជាថ្មីទៀតអំពីកំហុសអ្នកចាស់ដែលនាំឱ្យមានផ្លាស់ប្ដូរដាក់អ្នកថ្មី សម្ដេចក្រឡាហោម បានផ្ដាំផ្ញើថ្នាក់ដឹកនាំថ្មីនៃអង្គភាពកីឡាក្រសួងមហាផ្ទៃ ឱ្យតម្កល់ឆន្ទៈបម្រើជាតិ និងប្រជាជនជាធំ៕

Share.