ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ឯកឧត្តម យន់ ណារ៉ុង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០២២បានបើកសវនាការលើបណ្តឹងប្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន អតីតយោធាផ្កាយ២និងបក្សពួកពីបទបរិហារបង្កាច់កេរ្តិ៍។

សវនការនេះធ្វើឡើង បន្ទាប់ពីមានបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទនិងបក្សពួក ដែលបានប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណងចំនួន២០ លានរៀល។សូមបញ្ជាក់ថា ក្រោយពីបញ្ចប់សវនាការឯកឧត្តមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូឆ្នាំ២០២២ ដើម្បីប្រកាសសាលដីកា។

គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនត្រូវចោទ២ នាក់ ម្នាក់ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតផ្កាយ២ យោធា មានទីលំនៅផ្ទះលេខ៣១០អឺ ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ) និង ម្នាក់ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេ ខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារម្នាក់ៗ៨ខែ ពីបទបរិហារបង្កាច់កេរ្តិ៍ និងឲ្យសងសំណងទៅដើមបណ្ដឹងឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរ ជាអាជីវករ នៅរាជធានីភ្នំពេញ  ចំនួន២០លានរៀល ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមកំណត់ត្រាបង្ហាញថា អតីតផ្កាយ២ យោធា សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលតុលាការរាជធានី ខេត្ត នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់ ។ សំណុំរឿងដែលក្តៅជាងគេនោះ គឺបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ប្តឹង សូយ ចាន់សឿន ពីបទ« ហិង្សាដោយមានស្ថានទម្ងន់ទោស និង បង្ខាំងមនុស្សដោយខុសច្បាប់ » ដែលបានប្រព្រឹត្តមកលើខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីនេះ៕

អត្ថបទ៖ចតុមុខ

Share.