ភ្នំពេញ៖ បុរសស្រវឹងខួបម្នាក់ គ្រាន់តែក្រឡេកឃើញ បុរសជាជាងសំណង់ អង្គុយផឹកស្រាថ្នាំតែម្នាក់ឯង ដើរសំដៅចូលទៅសុំគេផឹកជាមួយដែរ ឃើញគេមិនមាត់ មិនថា លុះដល់ស្រវឹងស្រាប់តែឈ្លោះរករឿង ដេញវាយគេទៅវិញ និងឈ្លោះ ចោទប្រកាន់ប្រពន្ធ ថាជាសាហាយជាមួយ ជាងសំណង់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល អ្នកភូមិ សមត្ថកិច្ច អាជ្ញាធរចុះទៅអន្តរាគមន៍ អប់រំណែនាំ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រោយវត្តអង្គតាមុិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ សុឹម សំណាក់ ភេទប្រុសអាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះ ពន្លក ម៉ាលីន អាយុ៤២ឆ្នាំ មានកូនស្រី២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិកើតហេតុ ។ រីឯបុរសជាកម្មករសំណង់មាន ឈ្មោះ ម៉ៅ ច័ន្ទថន អាយុ៤១ឆ្នាំ ធ្វើការងារនិងស្នាក់នៅសំណង់ខាងលើ មានស្រុកកំណើតភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលបុរសជាងសំណង់ កំពុងអង្គុយផឹកម្នាក់ឯង ក្នុងការដ្ឋានសំណង់ ស្រាប់តែជនបង្កឈ្មោះ សុឹម សំណាក់ ដើរកាត់មុខផ្ទះឃើញ ក៏ដើរចូលទៅសុំផឹកស្រាជាមួយដែរ ទាំងគេមិនហៅផឹកផង ឃើញគេមិនមាត់ មិនថា ចាក់ផឹកៗ រហូតដល់ស្រវឹង ស្រាប់តែឈ្លោះរករឿង ជាងសំណង់ រករឿងទាំងប្រពន្ធ ចោទថាជាសាហាយរបស់ជាងសំណង់ទៅវិញ ដេញវាយជាងសំណង់ ដួលរងរបួសខ្លួនឯង បែកមុខបែកមាត់ ឈានកក្លាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរ ចុះទៅសាកសួរ ទើបដឹងរឿងពិត បុរសស្រវឹងខួបច្រើនលើកច្រើនសារហើយ ឲ្យតែស្រវឹងដឹងតែរករឿងប្រពន្ធ សុទ្ធតែប្រពន្ធជាសាហាយរបស់អ្នកនេះ របស់អ្នកនោះ ទាំងមិនដែលស្គាល់គ្នា ។ ហើយសមត្ថកិច្ចធ្វើការអប់រំជៀសវាងដើរបង្កបញ្ហា ទាំងក្នុងគ្រួសារ ទាំងលើអ្នកដទៃ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.