កណ្តាល ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនផង ផ្តើមចេញពីទុស្សេខ្សែភ្លើង ផ្អើលអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ការពារឆេះរាលទៅផ្ទះផ្សេង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមអាជ្ញាធរ បានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ប៊ុន ថា ប្រពន្ធ ឈ្មោះ ម៉ាច រស់នៅផ្ទះកើតហេតុ សង់អំពីឈើ ថ្មក្រោម ប្រក់ក្បឿង ទំហំ៧ម៉ែត្រx៨ម៉ែត្រ ភ្លើងឆេះអស់ទាំងស្រុង ។

អាជ្ញាធរបន្តទៀតថា នៅវេលាម៉ោងខាងលើ ទុស្សេឆេះខ្សែភ្លើង ចេញពីលើផ្ទះ ឆេះរាល កាន់តែសន្ធោសន្ធៅឡើង ផ្អើលអស់អ្នកភូមិ នាំគ្នាជួយដងទឹកជះ តែមិនអាចគ្រប់គ្រងបាន ស្របពេលអាកាសធាតុក្តៅ ភ្លើងងាយឆេះលឿន កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យ ទៅជួយបាញ់ទឹកការពារ កុំឲ្យរាលទៅផ្ទះផ្សេង ៕

អត្ថបទ៖ តាតុង​សែនជ័យ

Share.