សិល្បៈ​អន្តរជាតិ​៖ អ្នក​គាំទ្រ​ Taylor Swift នៅ​ដើម​សប្ដាហ៍​នេះ​កំពុង​តែ​ជ្រួល​ច្រាល​​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ការ​ប្រគំ​តន្ត្រី​របស់​តារា​សំណព្វចិត្ត។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​ការ​សោកស្ដាយ​ដោយ​សារ​តែ​ដណ្ដើម​ទិញ​មិន​ទាន់​គេ​។ ដំណឹងល្អ​សម្រាប់​អ្នក​ដែល​ទិញ​មិន​ទាន់​ នៅ​មាន​ឱកាស​អាច​ទិញ​តាម​អនឡាញ​តាម​រយៈ​ Website Stubhub ប៉ុន្តែ​​ដំណឹង​អាក្រក់​ កន្លែង​អង្គុយ​ដែល​មាន​ទីតាំង​ល្អ​មាន​តម្លៃ​ខ្ពស់​រហូត​អាច​ទិញ​បាន​ផ្ទះ​វីឡា​កូន​កាត់​មួយ​ល្វែង​នៅ​ស្រុក​ខ្មែរ​។

តាម​ដឹង​សំបុត្រ​ជួរ​ទី​៤៨ នៃ​ការ​ប្រគំតន្ត្រី​នៅ​ខែ​ឧសភា​ នា​កីឡាដ្ឋាន Metlife ក្នុង​ក្រុង​ញូវយក ញូវជឺស៊ី អារីណា មួយ​សំបុត្រ​មាន​តម្លៃ​រហូត​ដល់​ 76221$។ ដោយ​ឡែក​សំបុត្រ​ដែល​លក់​សម្រាប់​ការប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា មួយ​កៅអី​តម្លៃ​ 45000$ ចំណែក​សំបុត្រ​នៅ​ Glendale Arizona ដែល​នឹង​ប្រគំតន្ត្រី​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ មាន​តម្លៃ​ឡើង​ដល់ ​16200$។

អ្នក​គាំទ្រ​ជា​ច្រើន​ដែល​ទៅឈរ​តម្រង់​ជួរទិញ​សំបុត្រ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅរាប់​ម៉ោង បាន​បង្ហាញ​អារម្មណ៍ម៉ួម៉ៅ ដែមិន​អាច​ទិញ​សបុត្រ​សម្រាប់​ខនសឺត​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​បាន​។ កម្មវិធី​ប្រគំតន្ត្រីទេសចរណ៍​នេះ​នឹង​ចាប់​ផ្ដើម​ពី​ខែ​មីនា​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ទៅ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ដោយ​ផ្ដើម​ពី​អារីហ្សូណា និង​បញ្ចប់​នៅ​ខែ​សីហា នៅ​កីឡដ្ឋាន​ SoFi នា​ទីក្រុង​ឡូអែនជឺឡែស​។

មុន​ពេល​ដែល​ការ​លក់​សំបុត្រ​បែប​ Live Stream អាច​ធ្វើ​ទី​បាន​វែបសាយ Ticketmaster បាន​ជួប​នឹង​បញ្ហា​បច្ចេកទេស​ រហូត​ដល់​គាំង​វែបសាយ​ជា​លើក​ដំបូង​ ដោយ​សារ​មាន​ចំនួន​ Users រាប់សិប​លាន​គណនី​ព្យាយាម​ចុច​ចូលដើម្បី​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រគំតន្ត្រី​ TaylorSwiftTix Presale។ អ្នក​ដែល​មិន​អាច​ទិញ​សំបុត្រ​បាន​ បាន​បញ្ចេញ​កំហឹង​របស់​ខ្លួន​ចំពោះ​វែបសាយ Ticketmaster នៅ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​ក្នុង​នោះ​ក៏​មាន​លោក​ស្រី​ Alexandria Ocasio Cortez ដែល​ជា​តំណាងរាស្ត្រមក​ពីបក្សប្រជា​ធិបតេយ្យ​អាមេរិក​ម្នាក់​ផង​ដែរ។

នៅ​ក្នុង​ការ​ប្រគំតន្ត្រី​របស់​ Taylor Swift នា​ឆ្នាំ​២០២៣ខាង​មុខ​នេះ​ ក៏​មាន​តារា​កិត្តិយស​ចូលរួម​ក្នុង​នោះ​ដែរ​មាន​ដូច​ជា​ Phoebe Bridgers, Paramore and GAYLE ផងដែរ​។ ការ​ប្រគំតន្ត្រី​និង​មាន​រយៈ​ពេល​៥២​ដង​ នៅ​ក្នុង​ទីក្រុង​ចំនួន​២០​ខុស​ៗ​គ្នា៕

ប្រភព៖ newsweek

Share.