អបអរសាទរយ៉ាងក្លៀវក្លា​ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក​ នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក​ នៅខេត្តភូកេត​ ប្រទេសថៃ។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តមនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២នេះ។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាលេីកទី៥ហេីយ​ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ​ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ បានទទួលនូវប្រតិកម្មចម្រុះពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងស្រុក។ក្នុងនោះមានទាំងអ្នកចូលរួមអបអរសាទរនិងមានទាំងអ្នកលើកឡើងជាសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មជួយរកទីផ្សារឲ្យប្រជាកសិករ ដែលកំពុងតែជួបបញ្ហាប្រឈមមុខដោយសារតម្លៃស្រូវរបស់ខ្លួនចុះថោកខណៈដែលពួកគេកំពុងប្រមូលផល។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលដាក់ឈ្មោះថា Phanna Battambang បានលើកឡើងថា អបអរសាទរ! ដោយឡែក នៅក្នុងតំបន់ខ្លះ នៅក្នុងខេត្តបាត់ដំបង ដែលពុំមានភ្នាក់ងារ របស់ក្រុមហ៊ុនបៃតងចុះទិញ តម្លៃស្រូវផ្ការំដួល ធ្លាក់ក្រោម១០០០រៀលក្នុង ១គីឡូ. ស្នេីឯកឧត្តម ចាត់វិធានការឲ្យបានឆាប់ក្នុងករណីនេះ

ជាមួយគ្នានេះ ម្ចាសគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sereyroth Phlong បានលើកឡើងដែរថា អបអរសាទរ តែតម្លៃស្រូវលេខ១ លក់ ហេតុអ្វី ថោក ឬមិនចង់រួចថ្លៃដើមសោះ សូមឯកឧត្តម ជួយដោះស្រាយ អោយទាន់ពេលប្រមូលផល ផងចុះ ខណៈដែល គណនីឈ្មោះ Choup Sithet បានបន្ថែមថា លេខ1អង្ករ តែតម្លៃស្រូវដូចយោលទោង។ តម្លៃចុះមិនអីទេ ឲ្យតែចំណេញ កុំចុះរហូតដល់លក់ស្រែយកលុយរត់ចោលស្រុក

Share.