ភ្នំពេញ ៖ ស្ត្រីជាអ្នកជំនួញល្បីឈ្មោះម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាលើកទី២ ពាក់ព័ទ្ធទៅនឹងករណីចេញសែកស្អុយ ហើយការឃាត់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ4D ផ្លូវដាវីន បុរីវរជន ក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ស្ត្រីអ្នកជំនួញហាយសូរ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ឈ្មោះ ពេជ្រ ស្រីមុំ មានទីលំនៅផ្ទះលេខ4D ផ្លូវដាវីន បុរីវរជន ក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីអ្នកជំនួញហាយសូខាងលើនេះជាលើកទី២ហើយ ក្នុងករណីចេញសែកស្អុយ ហើយការឃាត់ខ្លួន ត្រូវបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ( ឬចេញសែកស្អុយ)។

សមត្ថកិច្ចបន្តទៀតថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្នុងមក ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនម្តងហើយ តាមដីការបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន នូវ ទឹកប្រាក់ ប្រមាណ ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ក៏ប៉ុន្តែ ជនសង្ស័យត្រូវបានដោះលែង អោយស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ត្រូវបានឃាត់ខ្លួនជាលើកទី២ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.