ភ្នំពេញ ៖ រថយន្តPrius មួយគ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងស្រា មិនប្រកាន់ស្តាំ លឿនជ្រុលទៅបុកម៉ូតូលេត កំពុងជិះច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ១០៤ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឈិន សុភ័ក្ត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាកលេត ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-3063 ។ ទី២ ឈ្មោះ ភ័ក្រ វិញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ក្រោម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសស្រាល ជាអ្នករួមដំណើរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កម៉ាកPrius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL-5580 បើកបរដោយឈ្មោះ សិដ្ឋ ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិពោធិ៍ព្រះសង្ឍ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្រវឹងស្រា បើកពីលិចទៅកើត មិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុជ្រុលទៅបុកចំពីមុខម៉ូតូរបស់ជនរងគ្រោះ ច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ត ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជន ម្លឹះដង្កោ រត់ប្រជែងទៅដឹកយកបាត់ ចំណឬកមធ្យោបាយទាំង២គ្រឿង រួមទាំងអ្នកបើកបររថយន្តផង ប្រគល់ជូនការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.