ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង ខណៈដែលកំពុងបើកបរល្បឿនលឿន ស្រាប់តែមានរថយន្តធុនធំបើកកៀរ បណ្តាលឲ្យក្រឡាប់បោកប៉ះទៅលើរុឺម៉កម៉ូតូលក់ភេសជ្ជៈមួយគ្រឿងទៀតស្របទិសគ្នា ធ្វើឲ្យក្រឡាប់ទាំង២គ្រឿងរងខូចខាតបាក់បែកខ្ទេច របួសបាក់ជើងអ្នកបើកកង់បីម្នាក់ រថយន្តបង្កបើករត់គេចបាត់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវចោមចៅ មុខក្រុមហ៊ុនហុងដា ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-6517 បើកល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកស្របទិសកៀរ បណ្តាលឲ្យខ្ទាតក្រឡាប់បោកប៉ះទៅលើរុឺម៉កម៉ូតូ វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-7876 លក់ភេសជ្ជៈ បើកដោយស្ត្រីម្នាក់ស្របទិស ធ្វើឲ្យក្រឡាប់ទាំង២គ្រឿង រងរបួសធ្ងន់អ្នកបើកម៉ូតូកង់បី បាក់ជើងស្តាំ រុឺម៉កទាំង២គ្រឿងរងខូចខាត បាក់បែកខ្ទេច រីឯរថយន្តបង្កបើករត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំចូលគ្លីនិកក្បែរនោះ ហើយសាច់ញាតិធ្វើការសម្របសម្រួលគ្នា ខណៈដែលរថយន្តបង្កបើករត់គេចទៅបាត់ សល់តែភាគីរងគ្រោះ ហើយត្រូវបានស្ត្រីខាងរុឺម៉កម៉ូតូលក់ភេសជ្ជៈ ជួយចេញថ្លៃថ្នាំពេទ្យចំនួន៦០មុឺនរៀល ដើម្បីបញ្ចប់រឿង ព្រោះសុទ្ធតែរងគ្រោះដូចគ្នាទេ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.