ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេច អស់លុយ គ្រឿងអលង្ការ និងឯកសារមួយចំនួន ហើយគេចខ្លួនអស់បាត់ស្រមោល កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើស្ពានអាកាសចោមចៅ គន្លងផ្លូវជាតិលេខ៣-សហព័ន្ធរុស្សុី ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ជ្រុន ស្រីង៉ា អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់រួមមាន ខ្សែដៃមាសទម្ងន់៦ជី ចិញ្ចៀនមាស១ជី លុយជាង ៧០មុឺនរៀល និងឯកសារមួយចំនួនទៀត ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1Q-7815 ធ្វើដំណើរចេញពីផ្ទះ ឆ្ពោះទៅកន្លែងធ្វើការ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះឡើងដល់លើស្ពានអាកាសចោមចៅ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម គ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកនិច មួយគ្រឿង និងម៉ាកហុងដាឌ្រីម២គ្រឿង តាមពីក្រោយ ហើយជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកនិច ធ្វើសកម្មភាពឆក់ទាញយកកាបូប លុយទៅបាត់ រួចជិះរត់បត់ទៅខាងផ្លូវចោមចៅ ចំណែក២ម៉ូតូទៀត បើករត់ត្រឡប់ក្រោយ ទៅតាមផ្លូវជាតិ លេខ ៣វិញ ។

ក្រោយកើតហេតុជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់មុខសញ្ញាឆក់ខាងលើ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.