នៅក្នុងកិច្ចប្រជុំគណៈកម្មការជំនាញ ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានថ្លែងក្នុងកិច្ចប្រជុំដូច្នេះថា៖«ខ្ញុំយកឱកាសនេះថ្លែងអំណរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី គ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចការកន្លងមក ក្នុងរាល់ដំណើរការនៃការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដ៏មានសារៈសំខាន់សម្រាប់មួយនេះ ពិសេសដើម្បីឈានទៅសម្រេចជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ»។ 

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ស សុខា ក្នុង​នាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ បាន​ស្នើ​សុំ​ទៅ​កាន់គណ:កម្មការរៀបចំការប្រកួតកីឡាជាតិលើកទី៣ ចំនួន​១១ចំណុចដូចជា៖

១. គណៈកម្មការរៀបចំការប្រកួត របស់ក្រសួង ត្រូវត្រៀមខ្លួនរួចរាល់សម្រាប់ការងារ ដូចដែលបានចាត់តាំងទៅតាមគ្រប់ផ្នែកក្នុងលិខិតឧទ្ទេសនាម ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវ ដែលថ្នាក់ដឹកនាំក្រសួង បានប្រគល់ជូន

២. សហព័ន្ធកីឡាជាតិ ទាំង៣៨  ដែលមានគណៈកម្មការបច្ចេកទេស របស់ខ្លួន ត្រូវយកចិត្តទុកដាក់ដឹកនាំការប្រកួត ផ្តល់សុក្រិតភាព សុភវិនិច្ឆ័យ  ជូនដល់កីឡាករ  កីឡាការិនី ក៏ដូចជាអង្គភាព ស្ថាប័នដែលចូលរួម ចៀសវាងនូវការរៀបចំលទ្ធផលទុកជាមុន ដែលអាចប៉ះពាល់ដល់មនសិកាវិជ្ជាជីវៈ។ ដូច្នេះត្រូវអនុវត្តការដឹកនាំ ការកាត់សេចក្តីឱ្យបានល្អ ដើម្បីជាម៉ែត្រវាស់សមត្ថភាពក្នុងការងារ ដែលនឹងត្រូវដឹកនាំ ក៏ដូចជាត្រៀមខ្លួនក្នុងគណៈកម្មការបច្ចេកទេស កម្រិតអន្តរជាតិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា។

៣. ​​ការ​រៀប​ចំ​​នេះ​ជា​បទ​ពិសោធន៍​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​ដែ​ល​ជា​ឈ្នាន់​ ឆ្ពោះ​ទៅ​រៀប​ចំ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​​អោយ​បាន​ជោគជ័យ ១០០%។ ​ដូច្នេះ​យើង​មាន​ពេល​រៀន​អំពី​ចំណុច​ខ្សោយ និង ខ្លាំង​​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ចុង​ក្រោយ​របស់​យើង។

៤. សម្រាប់គណៈកម្មការសន្តិសុខ កងកម្លាំងដែលមានសមត្ថកិច្ចនៅតាមទីតាំងការប្រកួត ដែលបានកំណត់ រួមមាន ៖ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត  ដែលជាម្ចាស់ផ្ទះក្នុងនោះយើងទាំងអស់គ្នា  ក៏បានប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរួចហើយ សូមសហការយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ទាំងក្នុងការប្រកួត កន្លែងស្នាក់នៅ ហូបចុក និងអាចមានទៅដល់ការសម្រួលចរាចរណ៍ក្នុងការដឹកជញ្ជូនកីឡាករ កីឡាការិនីពីកន្លែងស្នាក់នៅទៅកាន់កន្លែងប្រកួត។

៥. គណៈកម្មការសុខាភិបាល ត្រូវប្រចាំការនៅកន្លែងប្រកួត កន្លែងស្នាក់នៅដែលរួមមានទាំងរថយន្តគិលានសង្គ្រោះ សម្រាប់ក្នុងករណីសង្គ្រោះបន្ទាន់ ។  ផ្សព្វផ្សាយ និងលើកកម្ពស់ការបន្តរក្សាបាននូវវិធានអនាម័យ វិធានបង្ការរបស់ក្រសួងសុខាភិបាល យកចិត្តទុកដាក់លើសុខភាព របស់អ្នកចូលរួម  ក្នុងការឆ្លើយតបទាន់ពេលវេលា ប្រសិនបើមានការរីករាលដាល នៃកូវីដ-១៩ ណាមួយបានកើតឡើង។

៦. គណៈកម្មការដឹកជញ្ជូន ត្រូវរៀបចំឱ្យបានគត់មុត  ពោលគឺមាននូវកាលវិភាគក្នុងការចេញដំណើរពីកន្លែងស្នាក់នៅ ទៅកាន់កន្លែងប្រកួត ធានាថាមិនមានការដឹកជញ្ជូនណាមួយខកខាននិងយឺតពេលដែលប៉ះពាល់ដល់ការប្រកួតនិងធានាបាននូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងផាសុកភាព។

៧. គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ត្រូវប្រកាសចេញកម្មវិធីប្រកួត តាមប្រភេទកីឡានីមួយៗ ប្រកាសលទ្ធផលប្រកួតផ្លូវការឱ្យបានទាន់ពេលវេលា រួមមានជារូបភាពនានា  ក៏ដូចជារូបភាពជាវីដេអូទាក់ទងនឹងបណ្តាអង្គភាព  ឬស្ថាប័នសារព័ត៌  មាន ដើម្បីចុះផ្សាយនូវសកម្មភាពក្នុងព្រឹត្តិការណ៍ នៃការប្រកួតទាំងមូល។

៨. គណៈកម្មការហូបចុក ស្នាក់នៅ ត្រូវធានាថា ការហូចចុករបស់ប្រតិភូកីឡា ដែលចូលរួមអាចទទួលយកបាន ពោលគឺសំដៅលើអាហារដែលមានថាមពលសម្រាប់ការប្រកួត។ រីឯការស្នាក់នៅវិញ សូមឱ្យប្រកបដោយផាសុកភាព និងមិនមានការរំខាននានា។

៩. ថ្នាក់​ដឹក​នាំ​​កីឡា​មក​ពី​បណ្ដា​រាជធានី​ខេត្ត​ត្រូវ​ក្ដោបក្ដាប់​ព័ត៌មាន​អំពី​ក្រុម​កីឡា​របស់​ខ្លួន​អោយ​បាន​ល្អ​បំផុត ចៀសវាង​ហេតុ​ការណ៍​​​អាក្រក់​ណា​មួយ​កើត​ឡើង​អំឡុង​ការ​ស្នាក់​នៅ និង ប្រកួត។ ​កីឡាករ​​ក៏​អីចឹង​ដូច​គ្នា ពេល​ទៅ​ណា​មក​ណា ត្រូវ​រាយការណ៍​ដល់​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន មិន​អាច​ទៅ​ណា​ស្រេច​ចិត្ត​ទេ អំឡុង​ពេល​ប្រកួត​ ១០ ថ្ងៃ​នេះ​រួម​ទាំង​ពិធីបើក-បិទ។

១០. ស្នើ​អោយ​មាន​សាមគ្ដី​ភាព​គ្រប់​ផ្នែក​​​ដើម្បី​ឈ្នះ​ទាំង​អស់​គ្នា​ និង​ជោគជ័យ​ធំ​បំផុត​នៅ​ស៊ីហ្គេ​ម​ក្នុង​ប្រទេស​របស់​យើង។ ​​​ក្រុម​កីឡាករ​សាមគ្ដី​ និង​ដាក់​ចិត្ត​ប្រកួត​​អោយ​ល្អ​មើល​បំផុត, គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​​ត្រូវ​សាមគ្ដី​រៀប​ចំ​អោយ​ល្អ​បំផុត, ​និងភាគី​ពាក់​ព័ន្ធ​ត្រូវ​សាមគ្ដី​គ្នា​ធ្វើ​ការ​ល្អ​បំផុត ​នោះ​លទ្ធផល​របស់​យើង​ច្បាស់​​ល្អ​បំផុត​មិន​ខាន។

១១. កុំ​ប៉ែង​ជើង​គ្នា កុំ​មើល​បំណាំ​គ្នា កុំ​ជាន់​ពន្លិច​គ្នាអំឡុង​ពេល​ប្រកួត និង រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ​អោយ​សោះ។ ព្រោះ​វា​ជា​មោទកភាព​ជាតិ​យើង​ទាំង​អស់​គ្នា​ទេ។

សូមបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិ ចំនួន ៣៨ បានជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកស្នេហាវិស័យកីឡាទាំងអស់ថា ក្រសួង បានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំពោះពិធីបើក និងបិទ ប្រព្រឹត្តុទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤,៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣,០០០នាក់៕

Share.