ក្រោយចាប់ដំណើរការប្រកួតវគ្គសន្សំពិន្ទុ ក្នុងចំណោមក្រុមទាំង១៦ តាំងពីថ្ងៃទី២៨ ខែឧសភា មកពេលនេះពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Men’s Nations League បានស្វែងរកឃើញក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្នុងនោះមានប្រេស៊ីល,បារាំង,ប៉ូឡូញ និងស្លូវើនៀ។
ដូច្នេះក្រុមបាល់ទះលេខ១ ប្រេស៊ីល ត្រូវប៉ះក្រុមលេខ៤ បារាំង ហើយក្រុមប៉ូឡូញ ប៉ះស្លូវើនៀ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួតគ្នានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
ការប្រកួតពានរង្វាន់ 2021 FIVB Volleyball Men’s Nations Leagueធ្វើឡើងនៅកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ជាផែនការក្រុមទាំង១៦ នេះត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕