យោងតាមការចុះផ្សាររបស់គេហទំព័រ Japan Times បានឲ្យដឹងថាខ្សែប្រយុទ្ធ Kazuyoshi Miura ដែលជាកីឡាករជប៉ុនមានវ័យ៥៥ឆ្នាំ ចូលរួមជាក្លិប U.D. Oliveirense លីគលំដាប់ទី២ Liga Portugal 2 រដូវកាល ២០២២-២៣ របស់ប្រទេសព័រទុយហ្គាល់ ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លិប Yokohama FC។
Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។
លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក Miura ត្រូវបានក្លិប Genoa លីគកំពូលអុីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។
អ្វីកាន់តែពិសេស Miura លេងឲ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។
គួរដឹងថាកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេដែលអាចស៊ុតបាល់បញ្ចូលទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឲ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ៥៥ឆ្នាំ និង២៤៦ថ្ងៃ៕