ក្រុមបឹងកេតអែហ្វស៊ី រកបាន៣ពិន្ទុលើទឹកដីខេត្តព្រៃវែង ខណៈក្រុមម្ចាស់ផ្ទះវិសាខា ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមណាហ្គាវើល ក្នុងសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ Metfone Cambodian League 2021។
បឹងកេត បានយកឈ្នះលើក្រុមខេត្តព្រៃវែង ដោយលទ្ធផល ៣ទល់១ ខណៈការប្រកួតចាប់ផ្ដើមពីម៉ោង៣:៣០នាទីរសៀល លើទីលានកីឡដ្ឋានខេត្តព្រៃវែង។ ៣គ្រាប់របស់បឹងកេត រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា ទាំងអស់ពោលគឺនៅនាទីទី២, ៤៦ និង៧៥ ខណៈ១គ្រាប់វាយបករបស់ព្រៃវែង រកបានដោយកីឡាករ គី រីណា នៅនាទី៤៥។
ចំណែកការប្រកួតនៅរាជធានីភ្នំពេញ វិញមាន១គូគឺក្រុមវិសាខា បានស្មើគ្នាជាមួយក្រុមណាហ្គាវើល ដោយលទ្ធផល ២-២ លើទីលានកីឡដ្ឋាន Prince Stadium ម្ដុំហ្រ្គេនភ្នំពេញ។ អតីតជម្រើសជាតិកាណាដា Marcus Haber រកបានគ្រាប់បាល់បើកឆាកឱ្យវិសាខា នៅនាទីទី៤ តែកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ របស់ណាហ្គាវើល តាមបានស្មើវិញនៅនាទីទី៦ រហូតដល់នាទី៣១ កីឡាករ ស៊ិន កក្កដា បានរកគ្រាប់បន្ថែមឱ្យវិសាខា ១គ្រាប់ទៀត។ ចួលដល់តង់ទី២ កីឡាករប្រេស៊ីល Marcio De Oliveira របស់ណាហ្គាវើល បានទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចតាមបានស្មើ នៅនាទី៧០។