ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រករបស់ខេត្ត ស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និង កិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃ ច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។
ដោយសារជម្លោះព្រំដែនបានកើតឡើងក្នុងតំបន់ ដែលប្រទេសទាំង២ បានទាមទារយកជាកម្មសិទ្ធនោះ ការចូលទៅកាន់ប្រាសាទ តាមស្រុកKantharalak ខេត្ត ស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ២០០៨។
ទាហានរាប់ពាន់នាក់មកពីប្រទេសទាំង២ នៅតែឈរជើងនៅតាមព្រំដែនក្នុងខេត្តស៊ីសាកេត ខេត្ត អ៊ូប៊ុនរ៉ាត់ថានី និងខេត្ត ស៊ូរិន។
កាលពីឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានទាមទារឲ្យភាគីទាំង២ ដកកងប្រដាប់អាវុធដែលឈរជើងនៅមុខប្រាសាទព្រះវិហារដែលបច្ចុប្បន្នជាទឹកដីរបស់ខាងភាគីកម្ពុជា។ ប៉ុន្ដែ សេចក្តីសម្រេចរបស់តុលាការបានអនុញ្ញាតឲ្យថៃ និងកម្ពុជាដាក់ពង្រាយកម្លាំងល្បាតតាមព្រំដែននៅតាមព្រំដែនខាងក្រៅ។
ទោះបីជាសេចក្តីសម្រេចរបស់ ICJ បាននិយាយថា ប្រទេសថៃ និងកម្ពុជាគួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបង្កើតតំបន់ទៅវិញទៅមក និងជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏មិនមានការកែលម្អអ្វីឡើយចាប់តាំងពីបទឈប់បាញ់កាលពីឆ្នាំ២០១១ មក។
យ៉ាងណាម៉ិញ ចាប់តាំងពីពេលនោះមកប្រទេស កម្ពុជា បានហាមប្រាមមិនឲ្យមានការចូលមកប្រាសាទព្រះវិហារតាមទឹកដីរបស់ប្រទេសថៃទៀតឡើយ រហូតមកដល់ពេលនេះមានរយៈពេលជាង ១ទសវត្សរ៍មកហើយ។
ទាក់ទិននឹងបញ្ហានេះ ប្រទេសថៃ បានព្យាយាមចាប់ដៃជាមួយកម្ពុជាក្នុងការបើកឲ្យដំណើរការវិស័យទេសចរណ៍រវាងប្រទេសទាំង២ឡើងវិញ ដោយអភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើឲ្យកម្ពុជាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលមកពីខាងភាគីថៃ ចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារ តាមច្រកនៃខេត្ត ស៊ីសាកេត។
ទោះបីជាយ៉ាងណាក៏ដោយ សំណើរនេះត្រូវបានច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលមានសិទ្ធសម្រេចលើបញ្ហានេះ។
យោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យអ្នកដំណើរពីប្រទេសថៃ ចូលទៅទស្សនា ឬ កំសាន្ដនៅតំបន់ប្រាសាទព្រះវិហារឡើងវិញ នោះពិតជាមានអត្ថប្រយោជន៍សម្រាប់ការទាក់ទាញភ្ញៀវទេសចរមកកំសាន្ដនៅទីនោះកាន់តែច្រើន ជាពិសេសអាចជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៃប្រទេសទាំង២ ឲ្យកាន់តែប្រសើរបន្ថែមទៀត។
សូមជម្រាបថា តុលាការយុត្តិធម៌អន្តរជាតិ ICJ បាននិយាយថា កម្ពុជា និង ថៃ ក្នុងនាមជាភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ត្រូវតែធ្វើការរួមគ្នា ដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោក ដោយជំរុញឲ្យប្រទេសទាំង២ ស្វែងរកដំណោះស្រាយរួមគ្នាចំពោះតំបន់ជម្លោះនេះ បើទោះបីជាប្រាសាទព្រះវិហារត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និង ទទួលស្គាល់ជាទឹកដីរបស់កម្ពុជាក៏ដោយ៕