អ្នកស្រី អម្ពរ ទេវី តារាសម្ដែងភាពយន្តជើងចាស់ដ៏ឆ្នើម ដែលមានស្នាដៃល្បីល្បាញជាច្រើនកន្លងមកហើយនោះ បច្ចុប្បន្នអ្នកស្រីកំពុងតែរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមានអ្នកគាំទ្រជាច្រើននៅតែពោលនឹករលឹកចំពោះស្នាដៃសម្ដែងរបស់អ្នកស្រីជានិច្ចដូច្នេះហើយទើប រាល់ឱកាសដែលអ្នកស្រីអញ្ជើញមកលេងស្រុកកំណើត អ្នកស្រីតែងតែត្រូវបានផលិតកម្មក្នុងស្រុកប្រជែងគ្នាអញ្ជើញឱ្យអ្នកស្រីទៅចូលរួមសម្ដែងក្នុងរឿងភាគរបស់ខ្លួន។ យ៉ាងណាមិញ ចំពោះអ្នកដែលនៅនឹករលឹកនិងចង់ឃើញការសម្ដែងរបស់អ្នកស្រី អម្ពរ ទេវី តួអង្គអ្នកម្ដាយមានទ្រព្យ ពីភាពយន្តខ្នាតធំរឿង «ទឹកចិត្តអ្នកម្ដាយសម័យថ្មី» អាចទស្សនារឿងភាគរបស់អ្នកស្រីព្រោះនៅសល់រឿងភាគមួយ ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN គឺរឿង «ម្ចាស់ក្រោលដំរី»។
ថ្វីត្បិតតែរឿង «ម្ចាស់ក្រោលដំរី» នេះ បានថតតាំងពីអំឡុងឆ្នាំ២០១៨ ហើយទើបនឹងត្រូវបានស្ថានីយទូរទស្សន៍ CTN ចាក់បញ្ចាំងឱ្យបងប្អូនអ្នកនិយមទស្សនារឿងភាគខ្មែរបានតាមដានទស្សនាកាលពីថ្ងៃទី១២ កក្កដា កន្លងទៅ សង្កេតឃើញថាអ្នកទស្សនាបានកោតសរសើរខ្លាំងចំពោះរឿងនេះ ពិសេសអ្នកទស្សនាមានវ័យរាងជ្រេ បានលើកឡើងថា រីករាយដែលឃើញតារាសំណព្វចិត្តទាំងពីរដួង គឺលោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី វិលមកសម្ដែងរួមគ្នាក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ។
សម្រាប់អ្នកស្រី អម្ពរ ទេវី ដែលធ្លាប់បានបង្ហាញស្នាដៃសម្ដែងក្នុងរឿង «ឆន្ទា» រឿងថ្មី «ម្ចាស់ក្រោលដំរី» គឺជារឿងភាគមួយទៀតដែលអ្នកស្រីបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ម្ួយនេះ។
ត្រលប់ថយក្រោយវិញ រឿងភាគនេះបានធ្វើពិធីក្រុងពាលីនៅក្នុងទឹកដីខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ រួមជាមួយនឹងរឿង «ឆន្ទា» ទាំងដែលរឿង «ឆន្ទា» បានចាក់បញ្ចាំងរួចរាល់តាំងពី២ឆ្នាំមុន ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីទើប រឿងនេះត្រូវបានត្រាំទុកចោល រហូត ៣ឆ្នាំក្រោយ ទើបរឿង «ម្ចាស់ក្រោលដំរី» ត្រូវបានខាងស្ថានីយទូរទស្សន៍ CTN លើកយកមកបញ្ចាំងឱ្យអ្នកគាំទ្របានតាមដានទស្សនា ។
រឿង «ម្ចាស់ក្រោលដំរី» ក្រៅពីតារាជើងចាស់ពីររូបខាងលើ (លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី) ក៏នៅតារាសម្ដែងក្មេងៗជាច្រើនរូប ក្នុងនោះមានលោក អ៊ុន សិទ្ធា សម្ដែងជាតួឯកប្រុស និង អ្នកនាង ឆុំ វត្តី សម្ដែងជាតួឯកស្រី រួមដោយតារាប្រុុសស្រីល្បីៗជាច្រើនរូបទៀត៕
ទស្សនាឈុតឆាកខ្លីពីរឿង «ម្ចាស់ក្រោលដំរី» ខាងក្រោមនេះ ៖