កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ២គ្រឿង ម្នាក់ឯង និងជាមេដាយមាសដំបូងគេ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។
ម្ចាស់មេដាយមាស គង់ សិលា កីឡាលើកទម្ងន់ជនពិការ បានលើកឡើងថានេះគឺជាជោគជ័យធំមួយសម្រាប់លោកដែលអាចដណ្ដើមមេដាយមាសជូនកម្ពុជាបាន និងបានសម្រេចក្ដីស្រមៃជូនអ្នកម្ដាយដែលកមពុងសម្រាកដេកឈឺ។
ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត លោកលើកឡើងថា៖ «ការទទួលបានជោគជ័យនៅពេលនេះ គឺទទួលបានកំលាំងចិត្តពីថ្នាក់ដឹកនាំ និងអ្នកម្តាយ ដែលបានសន្យាជាមួយគាត់។ លោកបានជំរុញដល់យុវជនជំនាន់ក្រោយកុំបាក់ទឹកចិត្តពេលធ្វើអ្វីមួយមិនបានសម្រេច ពោលគឺយើងព្យាយាមធ្វើវាគង់បានសម្រេច»។
កីឡាករ គង់ សិលា បានឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសាលើកទម្ងន់ មានដូចខាងក្រោម៖
- មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម
- មេដាយមាស ១គ្រឿង កីឡាលើកទម្ងន់ លើវិញ្ញាសាលើកទម្ងន់ ១០៧គីឡូក្រាម (Total Lift)៕