សិល្បៈជាតិ៖ កាន់តែខិតជិតថ្ងៃបញ្ចាំងជាផ្លូវការហើយសម្រាប់ភាពយន្តភាគ «តាមចាប់ស្នេហ៍» រឿងភាគដំបូងដែលលោកជំទាវឧកញ៉ា ទ្រី ដាណា ចូលរួមសម្ដែងជាតួឯកស្រីរួមជាមួយតារាអាជីពជាច្រើនដួងទៀត។ នៅក្នុងថ្ងៃសន្និសីទសម្ពោធប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការលោកជំទាវឧកញ៉ា ទ្រី ដាណា បានធ្លោយសារភាពដោយឥតលាក់លៀមថាអ្នកនាង ប៊ិះនឹងអស់ខ្យល់ដង្ហើម ព្រោះត្រូវ លោក សេង មង្គល ចាប់ថើបជញ្ជក់មាត់នៅក្នុងឈុតឆាកស៊ីអារម្មណ៍មួយ។
យ៉ាងណាមិញទោះជាតួឯកស្រីអ្នកគ្រូ នួន អះអាងថាគ្មាន ឈុតឆាកផ្អែមៗជាចំណីចក្ខុសម្រាប់អ្នកគាំទ្រ ប៉ុន្តែលោក ចាងហ្វាងផលិត និងអ្នកដឹកនាំបានអះអាងថា ប្រាកដជាមាន ស្នាដៃនេះ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដែលចម្លើយនេះ បានធ្វើឲ្យតួឯកស្រីរាងអៀន ព្រមទាំងលើកឡើងថាអ្នកនាង ក៏ភ្ញាក់ផ្អើលដែរនៅពេលបានដឹង។
ងាកមកលោក សេង មង្គល ឯណោះវិញ ថ្វីត្បិតមានបទពិសោធន៍ជោគជាំ ក្នុងការសម្ដែងជាច្រើនឆ្នាំហើយធ្លាប់បានសម្ដែងជាតួឯកស្ទើរគ្រប់ទម្រង់ តែនេះគឺជារឿងដំបូងដែលលោកបានដើរតួអង្គជាប៉ូលិសសោះ។ បុរសសង្ហារូបនេះ បានប្រាប់អ្នកសារព័ត៌មានថាខ្លួនមានអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះតួឯកស្រី ព្រមទាំងសរសើរថា មានទេពកោសល្យ និងដុងសិល្បៈ ជាអ្នកសម្ដែងអាជីពមិនដូរ ដែលធ្វើឲ្យការថតដំណើរការបានយ៉ាងរលូនល្អ។ ដោយឡែកចំពោះឈុតឆាកថើបគ្នានោះលោកបានបកស្រាយថាលោកមិនមានការកេងបន្លំ ឬកេងចំណេញលើដៃគូនោះឡើយ។
ឈានមកដល់ពេលនេះ ទំនាក់ទំនងរវាងលោក សេង មង្គល និងឧកញ៉ា ទ្រី ដាណា កាន់តែលេចចេញជារូបរាងហើយ ទោះជាអ្នកទាំងពីរ នៅតែបន្តមាត់រឹង និងបិទមាត់យ៉ាងជិតមិនព្រមទទួលស្គាល់ថាទំនាក់ទំនងរវាងអ្នកទាំងពីរស្ថិតក្នុងដំណាក់កាលណាមួយក្ដី ប៉ុន្តែភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរនៅខាងក្រៅ សង្កេតឃើញថា កាន់តែច្បាស់លាស់ឡើង រហូតលោក សេង មង្គល បានអះអាងថាខ្លួនកំពុងរៀនធ្វើជំនួញតាមតួឯកស្រីរបស់ខ្លួនគឺអ្នកនាង ទ្រី ដាណា ដែលចំណុចនេះធ្វើឱ្យមានមតិខ្លះយល់ឃើញថា លោក សេង មង្គល អាចនឹងមិនត្រឹមតែជាដៃគូសម្ដែង តែកំពុងត្រៀមខ្លួនជាដៃគូក្នុងមុខជំនួញ ឬអាចជាដៃគូបេះដូងផងក៏បាន។
សូមជំរាបជូនថា រឿងភាគ «តាមចាប់ស្នេហ៍» របស់ផលិតកម្ម MKF នឹងមានចាក់បញ្ចាំងជូនទស្សនានៅរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ ចាប់ពីថ្ងៃសៅរ៍ទី៥ ខែសីហា វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ លើផេក TV NNP និងឆាណែល YouTube Try Dana៕