សិល្បៈជាតិ៖ ថ្មីៗនេះ ស្វាមីតារាចម្រៀង សួស វីសា បានត្រៀមបញ្ចេញកម្មវិធីថ្មីមួយបែបសម្ភាសបុគ្គលល្បីៗនៅលើបណ្ដាញសង្គមអនឡាញ ហើយលោកក៏បានអញ្ជើញគ្រូកំសៀវហោះ គឺលោកគ្រូឱសថបុរាណ ស៊ូ សេងហ៊ួរ មកចូលរួមជាភ្ញៀវកិត្តិយស។ ក៏ប៉ុន្តែកម្មវិធីនោះមិនទាន់ត្រូវបានចាក់ផ្សាយផង ក៏ស្រាប់តែផ្ទុះដំណឹងថា គ្រូកំសៀវហោះត្រូវក្រសួងសុខាភិបាលបញ្ឈប់រាល់សកម្មភាពព្យាបាលទាំងអស់។
កម្មវិធីបង្កើតថ្មីរបស់លោក ថមមី មួយនេះមានឈ្មោះថា «ចង់ដឹង Want To Know» បានបង្កើតឡើងនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ហើយមានលោកគ្រូកំសៀវហោះ ស៊ូ សេងហ៊ួរ ជាភ្ញៀវកិត្តិយសដំបូងចូលខ្លួនមកស្រាយបំភ្លឺរាល់អាថ៌កំបាំងទាំងឡាយ។ យ៉ាងណាមិញ កម្មវិធីនេះនៅមិនទាន់បានចាក់ផ្សាយនៅឡើយទេ ដោយលោក ថមមី ទើបតែបង្ហោះរូបភាពសកម្មភាពពីក្រោយឆាកខ្លះៗ និងវីដេអូ Trailer ខ្លីមួយឱ្យមហាជនទន្ទឹងចាំទស្សនាតែប៉ុណ្ណោះ។
រហូតដល់រសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សារព័ត៌មានត្រយងក៏ស្រាប់តែទទួលដំណឹងមកថា គ្រូកំសៀវហោះ ស៊ូ សេងហ៊ួរ ត្រូវបានក្រសួងសុខាភិបាល សហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរ សម្រេចចុះទៅបិទផ្អាក ជាលើកទី៣ ក្រោយពីបន្តផ្សព្វផ្សាយ ព្យាបាលជំងឺ ថ្នាំបែបបុរាណ ថតបង្ហោះផ្សាយតាមប្រព័ន្ធហ្វេសប៊ុកផេក បែបស្រើបស្រាល ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរសង្គម និងវប្បធម៌ ។
ការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅតាមផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហើយតាមក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកក្រសួង និងសមត្ថកិច្ច បានចុះបិទផ្អាកចំនួន២លើកមកហើយ ក្នុងខែមិនា ខែឧសភា តែមិនរាងចាល រើពីកន្លែងមួយ ទៅបើកកន្លែងមួយ នៅបន្តផ្សព្វផ្សាយ ថតបង្ហោះរូបភាពប្លែកៗប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ វប្បធម៌ សង្គម ទើបក្រសួងសុខាភិបាល សហការជាមួយសមត្ថកិច្ចសម្រេច ចុះបិទផ្អាកជាលើកទី៣នេះតែម្ដង។
ដោយឡែក ក្រោយផ្ទុះដំណឹងនេះយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ លោក ថមមី បានបង្ហោះសារថា «វីវរហើយ លោកគ្រូល្បី ស៊ូ សេងហ៊ួរ បិទហើយចង់ដឹងកុំភ្លេចតាមដានផេក កម្មវិធីចង់ដឹង»។ ពោលគឺលោកនៅតែបន្តបង្ហោះផ្សាយពីកម្មវិធីនេះដដែល ដោយមិនលុបវគ្គសម្ភាសនោះឡើយ។
កម្មវិធី «ចង់ដឹង Want To Know» ដែលបង្កើតឡើងដោយលោក ថមមី នៅមិនទាន់បញ្ជាក់ថា គ្រោងនឹងចាក់ផ្សាយនៅពេលណាឱ្យច្បាស់លាស់នៅឡើយទេ មានតែរង់ចាំតាមដានទស្សនានិងជ្រាបបន្តទៀត៕