បន្ទាប់ពីបានរួមចំណែកជួយក្រុមភ្នំពេញក្រោនឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជារួចមក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្ដល់សញ្ជាតិខ្មែរ ជាផ្លូវការដល់កីឡាករ Yudai Ogawa ព្រមទាំងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។
រំលឹកថាកីឡាករដែលកមពុងបង្ហាញទម្រងលេងបានយ៉ាងល្អនៅក្នុងក្លិបភ្នំពេញក្រោន Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។
ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង។
គួរបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករសរុប២៧នាក់ ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមការដឹកនាំរបស់លោក Félix Dalmás ទល់នឹងបាគឺស្ថាន នៅថ្ងៃទី១២ ខែតុលា ខាងមុននេះ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់៕