នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដល់សញ្ជាតិខ្មែរ ជាផ្លូវការដល់ខ្សែប្រយុទ្ធ Privat Mbarga ត្រៀមជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតទល់នឹងប៉ាគីស្ថាន វគ្គជម្រុះ FIFA World Cup 2026 ជុំទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់។
Privat Mbarga ថ្លែងលើគណនី Instagram ថា៖«សូមអរគុណព្រះជាម្ចាស់ និងប្រទេសកម្ពុជា ដែលធ្វើអោយវាកើតឡើង សូមអរគុណដល់អ្នកដែលគាំទ្រខ្ញុំ, ខ្ញុំមានអារម្មណ៍ថានៅទីនេះដូចជានៅផ្ទះរួចទៅហើយ ខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើឱ្យល្អរួមគ្នា Let Go Cambodia»។
Privat មានដើមកំណើតកាមេរូន អតីតសមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនេះក្លាយជាកីឡាករចូលសញ្ជាតិទីពីររបស់កម្ពុជា បន្ទាប់ពីកីឡាករដើមកំណើតជប៉ុន Yudai Ogawa របស់ភ្នំពេញក្រោន។
រំលឹកថា ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយចូលរួមជាមួយបឹងកេត មុននឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ ឆ្នាំ២០១៦-១៧ មុននឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មកកម្ពុជា វិញនៅឆ្នាំ ២០១៨ ជាមួយអាស៊ីអឺរ៉ុប (AEU) ឆ្នាំ២០១៩ ជាមួយព្រះខ័នរាជស្វាយរៀង។
ខ្សែប្រយុទ្ធសញ្ជាតិដើមកាមេរូន មានឈ្មោះពេញ Jean Marie Privat Befolo Mbarga កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅក្នុងទីក្រុង Douala ប្រទេសកាមេរ៉ូន បច្ចុប្បន្នមាវ័យ ៣១ឆ្នាំ មានកម្ពស់ ១,៦៨ម៉ែត្រ បច្ចុប្បន្នកំពុងប្រគបអជីពក្នុងក្លិបបាល់ទាត់ Bali United សមាជិកលីគកំពូលឥណ្ឌូនេស៊ី៕