បន្ទាប់ពីបានរួមចំណែកជាមួយវិស័យបាល់ទាត់កម្ពុជា អស់រយ:ពេលជាច្រើនឆ្នាំរួចមកពេលនេះកីឡាករបរទេស ២រូបបានទទួលសញ្ជាត់ខ្មែរជាផ្លូវការ គឺទី១ កីឡាករ Yudai Ogawa មានដើមកំណើតជប៉ុន និង កីឡាករ Privat Mbarga មានដើមកំណើតកាមេរូន។
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្ដល់សញ្ជាតិខ្មែរ ជាផ្លូវការដល់កីឡាករ Yudai Ogawa ព្រមទាំងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។
ប្រវត្តិត្រួសៗរបស់ខ្សែការពារកណ្ដាល Yudai Ogawa ក្នុងអាជីពជាកីឡាករបាល់ទាត់៖
ចាប់ផ្តើមលេងបាល់ទាត់អាជីពក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២ នៃប្រទេសជប៉ុន បង្ហាញខ្លួនបាន ៤លើក។ នៅឆ្នាំ២០១៧ រូបគេបានលេងនៅលីគទី ៤ប្រទេសប៉ូឡូញជាមួយក្រុម Widzew Łódź បង្ហាញខ្លួនបាន ៣លើក។
ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ) នៃលីគកំពូលកម្ពុជា បង្ហាញខ្លួនបាន ១៨លើក រកបាន ១០គ្រាប់។
ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្លិបអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប បង្ហាញខ្លួនបាន ១៤លើក រកបាន ២គ្រាប់។ ក្នុងឆ្នាំ២០២១ បានផ្ទេរមកកាន់ភ្នំពេញក្រោន បង្ហាញខ្លួនបាន ៤០លើក រកបាន ១០គ្រាប់ ព្រមទាំងជួយឲ្យក្លិបឈ្នះជើងឯក លីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា។
សមាជីកភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា រូបនេះ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ មានកម្ពស់ ១,៧៤ម៉ែត្រ រូបគេកើតនៅក្នុងខេត្ត Kanagawa គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់ Kantō នៃទីក្រុង Honshu ប្រទេសជប៉ុន។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការផ្ដល់សញ្ជាតិខ្មែរ ជាផ្លូវការដល់ខ្សែប្រយុទ្ធ Privat Mbarga មានដើមកំណើតកាមេរូន អតីតសមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនេះក្លាយជាកីឡាករចូលសញ្ជាតិទីពីររបស់កម្ពុជា បន្ទាប់ពីកីឡាករដើមកំនើតជប៉ុន Yudai Ogawa ដើម្បីត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយប៉ាគីស្ថាន ជម្រុះបាល់ទាត់ពិភពលោក២០២៦។
ប្រវត្តិត្រួសៗរបស់ខ្សែការពារកណ្ដាល Privat Mbarga ក្នុងអាជីពជាកីឡាករបាល់ទាត់៖
ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយចូលរួមជាមួយបឹងកេត មុននឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ ដោយបានបង្ហាញខ្លួនចំនួន ២២លើក រកបាន ១៩គ្រាប់។
នៅចុងឆ្នាំ២០១៦ បានផ្ទេរទៅចូលរួមជាមួយណាហ្គាវើលដ៍ មុននឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មក កម្ពុជា វិញនៅឆ្នាំ ២០១៨ ដល់ឆ្នាំ២០១៩ ជាមួយអាស៊ីអឺរ៉ុប (AEU) បង្ហាញខ្លួនបាន ២២លើក រកបាន ២៧គ្រាប់។
ខណ:នៅចុងឆ្នាំ២០១៩ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួននៅលើទីលានបានចំនួន ៦២លើក រកបាន ៧៣គ្រាប់។ ចំណាយពេលជាមួយព្រះខ័នរាជស្វាយរៀង អស់រយ:ពេលជិត ៣ឆ្នាំ និងបានជួយឲ្យក្លិបឈ្នះជើងឯកក្របខណ្ឌកំពូលកម្ពុជា នៅឆ្នាំ២០១៩ ផងដែរ។
មុនបង្ហាញវត្តមានជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ Privat បច្ចុប្បន្នកំពុងប្រកបអជីពក្នុងក្លិបបាល់ទាត់ Bali United Fc សមាជិកលីគកំពូលឥណ្ឌូនេស៊ី ដោយបានបង្ហាញខ្លួនចំនួន ៦៦លើក រកបាន ២២គ្រាប់។
ខ្សែប្រយុទ្ធដើមកំណើតកាមេរូន និងជាកីឡាករចូលសញ្ជាតិទី២ របស់កម្ពុជារូបនេះ មានឈ្មោះពេញ Jean Marie Privat Befolo Mbarga មានកម្ពស់ ១,៦៨ម៉ែត្រ កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅក្នុងទីក្រុង Douala ប្រទេសកាមេរ៉ូន បច្ចុប្បន្នមាវ័យ ៣១ឆ្នាំ។
គួរបញ្ជាក់ថា សម្រាប់ការផ្ដល់សញ្ជាតិដល់កីឡាករទាំង ២រូបនេះ គឺសម្រាប់ជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតផ្សេងៗ ក៏ដូចជាត្រៀមសម្រាប់ប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Félix Dalmás សញ្ជាតិអាហ្សង់ទីន៕