ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon នឹងចូលរួមប្រកួត ONE Esports MPL Invitational 2023 មុន នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M5 World Championship ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែលមានសហម្ចាស់ផ្ទះ ម៉ាឡេស៊ី និងហ្វីលីពីន។
ការប្រកួតកីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang នៅក្នុងព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 គឺជាលើកទី៤ ហើយនៅឆ្នាំនេះ ដោយលើកទី១ ឆ្នាំ២០២០ មិនមានក្រុមកម្ពុជាចូលរួម ឆ្នាំ២០២១ ក្រុម See You Soon ទទលបានចំណាត់ថ្នាក់លេខ៩ ឆ្នាំ២០២២ ក្រុម Burn X Flash ទទួលបានចំណាត់ថ្នាក់លេខ ១៣។
ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះ ធ្វើការរៀបចំដោយក្រុមហ៊ុន Moonton ខណ:ប្រាក់រង្វាន់សរុបទទួលបានរហូតដល់ ១០ម៉ឺនដុល្លារ។
ក្រុម SEE YOU SOON បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិកាណ៍ប្រកួតកីឡាអេឡិចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយយកឈ្នះក្រុម CFU GAMING នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។
ជ័យជម្នះនេះបានធ្វើឲ្យក្រុម SEE YOU SOON មានឈ្មោះតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M5 World Championship ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ផ្ដើមពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ មានក្រុមចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក និងត្រូវធ្វើការបករកួតជម្រុះតាមពូលដើម្បីរកអ្នកឡើងទៅវគ្គបន្ត ដោយការប្រកួតនឹងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។
ចំពោះព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅឆ្នាំ២០២៣នេះ គឺក្រុម See You Soon។
គួររំលឹកថា នេះជាលើកទី២ ហើយដែលក្រុម See You Soon ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដោយកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់ជើងឯកឆ្នាំចាស់ (M4) បានទៅលើក្រុម ECHO Philipine ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ៕