ក្រុមកីឡាអេឡិចត្រូនិក កម្ពុជា Impunity KH នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសរំសាយក្រុមបច្ចុប្បន្ន ដោយត្រូវការកែប្រែក្រុមទាំងស្រុងពីស្តង់ដារបច្ចុប្បន្ន និងក្រោមហេតុផលខកចិត្តចំនួន ២ រដូវកាលក្នុងឆ្នាំ 2023 ហើយសមាជិកក្រុមមួយចំនួនលាឈប់ដើម្បីបន្ដការសិក្សា ក៏ដូចជាការងារប្រចាំជីវិតរបស់ពួកគាត់ផងដែរ។
តាមរយ:សេចក្ដីប្រកាសរបស់ក្រុម Impunity KH បានសរសេតរៀបរាប់ថា៖ «ជូនចំពោះ IMPUNIA និង អ្នកទាំងអស់គ្នា Impunity KH សូមជំរាបជូនដំណឹងដ៏សោកសៅមួយទៅដល់អ្នកទាំងអស់គ្នាថា ក្រុមរបស់យើងនឹងមិនចូលរួមក្នុងការប្រកួត MPL Cambodia – Challenger Cup 2023 នៅដើមឆ្នាំក្រោយ ដើម្បីដណ្តើមយកកៅអីក្នុងព្រឹត្តការណ៍ MPL-KH រដូវកាលក្រោយនោះទេ»។
សេចក្ដីប្រកាសដដែលបានបន្តថា៖ «នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែសេចក្តីសម្រេចមួយនេះបានមកពីការត្រួតពិនិត្យ និង វិភាគយុទ្ធសាស្ត្ររបស់យើងអំពីស្ថានភាពបច្ចុប្បន្ន។ ដូចដែលអ្នកបានដឹងហើយថា សមាជិកក្រុមដែលធ្លាប់ជួយអោយក្រុមទទួលបានជើងឯករបស់យើងម្នាក់ៗបានចាកចេញ និង បានផ្លាស់ប្តូរពីការលេងកីឡាអេឡិចត្រូនិច ដើម្បីទៅបន្តការអភិវឌ្ឍន៍ផ្ទាល់ខ្លួនលើការសិក្សា ក៏ដូចជាការងារប្រចាំជីវិតរបស់ពួកគាត់ផងដែរ។ បន្ទាប់ពីការខកចិត្តចំនួន ២ រដូវកាលក្នុងឆ្នាំ 2023 គណៈគ្រប់គ្រងរបស់ Impunity KH បានទាញការសន្និដ្ឋានថាយើងត្រូវការការកែប្រែក្រុមទាំងស្រុងពីស្តង់ដារបច្ចុប្បន្ន»។
Impunity KH បន្ថែមថា៖ «ទន្ទឹមនឹងនេះ ដោយសារតែការផ្លាស់ប្តូរពេលវេលាចុងក្រោយនៃ MPL Cambodia – Challenger Cup យើងក៏មិនចង់ឱ្យសមាជិកបច្ចុប្បន្នរបស់យើងមួយចំនួនប្រថុយនឹងការមិនអាចលេង MPL រដូវកាលក្រោយ ប្រសិនបើយើងបរាជ័យក្នុងការទទួលបានកៅអី នៅក្នុង MPL KH បន្ទាប់ដែរ។ នេះជាមូលហេតុដែលយើងសម្រេចចិត្តថា យើងនឹងធ្វើការរំសាយក្រុមបច្ចុប្បន្ន និង ជូនដំណឹងដល់អ្នកគ្រប់គ្នាដើម្បីអោយកីឡាករបច្ចុប្បន្នធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្លួនគេសម្រាប់រដូវកាលក្រោយ»។
ជាចុងក្រោយក្រុម Impunity KH បានបញ្ជាក់ថា៖ ទោះបីជាយ៉ាងណាក៏ដោយ យើងពិតជាមានការរំភើបចិត្តជាខ្លាំង ដែលអតីតសមាជិកមួយចំនួនបានស្ម័គ្រចិត្តត្រលប់មកចូលរួមប្រកួត MPL Cambodia – Challenger Cup សម្រាប់ពួកយើងទាំងដែលពួកគាត់ចាកចេញទៅហើយ។ ពេលវេលានឹងមិនបំផ្លាញ ឬបំភ្លេចចោលអ្នកទាំងអស់ ក្នុងនាមថាជា Legendary របស់ក្រុម ក៏ដូចជាសមិទ្ធិផលដែលយើងបានធ្វើរួមគ្នាក្រោមឈ្មោះ Impunity KH នោះទេ។
Impunity KH សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ ជាពិសេស Impunia ដែលបានគាំទ្រក្រុមតាំងពីដើមមក ក៏ដូចជាម្ចាស់ឧបត្ថម្ភទាំងអស់ដែលយើងបានធ្វើការជាមួយ ជាពិសេសអ្នកឧបត្ថម្ភធំរយៈពេលវែងរបស់យើង និងចុងក្រោយបង្អស់គឺសមាជិកនៃ Impunity KH នាពេលបច្ចុប្បន្ន និង តាំងពីមុនដែលបានតស៊ូជាមួយគ្នាដោយបេះដូង និង ទឹកចិត្តរបស់អ្នក។
ពាក្យថាលា គឺជាស្ពានសម្រាប់ការជួបជុំវិញនៅពេលក្រោយ Until Next Chapter ……
Impunity KH ជាក្រុមកីឡាអេឡិចត្រូនិក អាជីព និងទទួលបានគាំទ្រជាច្រើន ពីអ្នកស្នេហាក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា កន្លងមក ក្រុមនេះធ្លាប់បានចារឈ្មោះក្នុងការប្រកួតកីឡាអេឡិចត្រូនិក ទាំងក្នុងស្រុក និងអន្តរជាតិមានដូចជា៖
ឆ្នាំ២០១៩៖ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងវគ្គជម្រុះCambodia Qualifier ចូលរួម M1 World Championship ទទួលបានចំណាត់ថ្នាក់លេខ១៣
ឆ្នាំ២០២០៖ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ Metfone All-Stars Arena
ឆ្នាំ២០២១៖
– ទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងពានរង្វាន់ M2 World Championship
– ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងពានរង្វាន់ MLBB Southeast Asia Cup 2021
– ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ MPL Cambodia Season 1
– ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពានរង្វាន់ Top Clans 2021 Winter Invitational
ឆ្នាំ២០២២៖
– ទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពានរង្វាន់ MPL Cambodia Spring 2022
– ទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងពានរង្វាន់MPL Cambodia Spring 2022
– ទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ Smart Kingdom Of Legends SEA Rivals
ឆ្នាំ២០២៣៖ ទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងពានរង្វាន់ MPL Cambodia Autumn 2023៕