ក្រុមបាល់ទាត់បុរសរបស់ជម្រើសជាតិប្រេស៊ីល បានឈ្នះមេដាយមាស ២ឆ្នាំជាប់ៗគ្នាក្នុងប្រវត្តិកីឡាអូឡាំពិក ក្រោយយកឈ្នះក្រុមអេស្ប៉ាញ នៅវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ នេះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នៅកីឡដ្ឋាន International Stadium Yokohama ទីក្រុង Yokohama ប្រទេសជប៉ុន ដោយលទ្ធផល២ទល់១។
ប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាលជនជាតិអូស្ត្រាលី Chris Beath ក្រុមប្រេស៊ីល រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Matheus Cunha នៅនាទី ៤៥+២ តែកីឡាករ Mikel Oyarzabal របស់អេស្ប៉ាញ គ្រាប់បាល់តាមស្មើវិញនៅនាទីទី៦១។ ដោយសារក្រុមទាំង២ស្មើគ្នា ទើបប្រកួតនេះត្រូវបន្ថែមម៉ោង១៥នាទីចំនួន២ដង។ ចូលដល់នាទី១០៨ កីឡាករ Malcom របស់ប្រេស៊ីល រកបានគ្រាប់បាល់ទី២និងជាគ្រាប់ជ័យជម្នះឱ្យក្រុមខ្លួនតែម្ដង។ លទ្ធផល២ទល់១ នេះបានរករក្សារហូតដល់ចប់ការប្រកួត។
សរុបចំណាត់ថ្នាក់គឺប្រេស៊ីល ឈ្នះមេដាយមាស អេស្ប៉ាញ ឈ្នះមេដាយប្រាក់ និងម៉ិចស៊ីកូ ឈ្នះមេដាយសំរឹទ្ធ។ ចំណែកកីឡាករ Richarlison ប្រេស៊ីល ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគឺ៥គ្រាប់ម្នាក់ឯង។
សូមរំលឹកផងដែរថាក្រុមបាល់ទាត់បុរសប្រេស៊ីល ក៏ជាម្ចាស់មេដាយព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦ ដែលរៀបចំនៅប្រទេសរបស់ខ្លួនដែរក្រោយយកឈ្នះលើក្រុមអាល្លឺម៉ង់ ដោយបាល់ប៉េណាំងទីកាត់សេចក្តី៥ទល់៤ ក្រោយប្រកួតស្មើគ្នា១ទល់១៕