ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំរបស់ឥណ្ឌូណេស៊ី សមាជិកក្នុងតំបន់អាស៊ាន អស់សិទ្ធិទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics ដែលគ្រោងធ្វើនៅប្រទេសបារាំង ក្នុងឆ្នាំ២០២៤ នេះបន្ទាប់ពីចាញ់ក្រុមប្រទេសហ្គីណេ ដោយលទ្ធផល១-០ នៅរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនាមជាក្រុមលេខ៤នៃព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ី 2024 AFC U-23 Asian Cup ក្រុមឥណ្ឌូណេស៊ី ត្រូវប្រកួតទល់នឹងក្រុមហ្គីណេ ដែលជាក្រុមលេខ៤មកពីទ្វីបអាហ្រ្វិក 2023 U-23 Africa Cup of Nations ដើម្បីស្វែងរកអ្នកឈ្នះ បន្តសំបុត្រយន្តហោះឆ្ពោះទៅទីក្រុងប៉ារីស ប្រទេសបារាំង។
ដូច្នេះគិតត្រឹមពេលនេះបេក្ខភាពឆ្ពោះទៅដណ្តើមមេដាយអូឡាំពិកលើកនេះរកឃើញអស់ហើយ ដោយ៖
– ទ្វីបអាមេរិកខាងជើង៖ ជ្រើសចេញពីពានរង្វាន់ 2022 CONCACAF U-20 Championship មានអាមេរិក និងសាធារណរដ្ឋដូមីនីកេន
– ទ្វីបអឺរ៉ុប៖ ជ្រើសចេញពីពានរង្វាន់ 2023 UEFA European Under-21 Championship មានអេស្ប៉ាញ, អ៊ីស្រាអែល និងអ៊ុយក្រែន
– ទ្វីបអាហ្វ្រិក៖ ជ្រើសចេញពីពានរង្វាន់ 2023 U-23 Africa Cup of Nations មានម៉ារ៉ុក, អេហ្ស៊ីប, ម៉ាលី
– ទ្វីបអូសេអានី៖ ជ្រើសចេញពីពានរង្វាន់ 2023 OFC Olympic Qualifying Tournament មាននូវែលហ្សេឡង់
– ទ្វីបអាហ្វ្រិកខាងត្បូង៖ ជ្រើសចេញពីពានរង្វាន់ 2024 CONMEBOL Pre-Olympic Tournament មានប៉ារ៉ាហ្គាយ និងអាហ្សង់ទីន
– ទ្វីបអាស៊ី៖ ជ្រើសចេញពីពានរង្វាន់ 2024 AFC U-23 Asian Cup មានជប៉ុន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់
ជម្រុះទ្វីបអាស៊ី+ទ្វីបអាហ្វ្រិក៖ ហ្គីណេ
– ម្ចាស់ផ្ទះ៖ បារាំង
សរុបវិញ្ញាសាបាល់ទាត់បុរសមានចំនួន១៦ក្រុម ចែកជា៤ពូល ដោយប្រកួតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហាឆ្នាំ២០២៤។
គិតត្រឹមពេលនេះប្រទេសតំបន់អាស៊ានចំនួន៤ ធ្លាប់តំណាងឱ្យទ្វីបអាស៊ី ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ក្នុងវគ្គចែកពូល រួមមានក្រុមថៃ នៅឆ្នាំ១៩៥៦ និង១៩៦៨, ក្រុមម៉ាឡេស៊ី ឆ្នាំ១៩៧២, ក្រុមមីយ៉ាន់ម៉ា នៅឆ្នាំ១៩៧២ និងឥណ្ឌូណេស៊ី នៅឆ្នាំ១៩៥៦។
ចំណែកវិញ្ញាសាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកវិញ ឃើញថាក្រុមជម្រើសជាតិហុងគ្រី និងចក្រភពអង់គ្លេស ធ្លាប់ឈ្នះបានមេដាយមាស៣លើកច្រើនជាងគេ ខណៈប្រេស៊ីល អាហ្សង់ទីន, សហភាពសូវៀត, អ៊ុយរុយហ្គាយ ធ្លាប់ឈ្នះបានម្នាក់២លើក។ ចំណែកក្រុមប្រទេសដែលធ្លាប់ឈ្នះមេដាយមាសម្នាក់១លើកមានយូហ្គោស្លាវី, អេស្ប៉ាញ, ប៉ូឡូញ, អាល្លឺម៉ង់ខាងកើត, នីហ្សេរីយ៉ា, ឆេកូស្លូវ៉ាគី, បារាំង, អ៊ីតាលី, ស៊ុយអែត, ម៉ិចស៊ីកូ, បែលហ្សិក, កាណាដា និងកាមេរ៉ូន៕