ពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ស្របពេលក្រុមបាល់ទះជម្រើសជាតិជប៉ុន បានប្រកួតបើកឆាកយកឈ្នះ អាហ្សង់ទីន ៣-១ (26–24, 22–25, 23–25, 19–25) ចំណែកឯកប្រេស៊ីល ចាញ់គុយបា ១-៣ (25–23, 27–29, 25–21, 25–21)។ ខណ:បារាំង ឈ្នះប៊ុលហ្គារី ៣-០ និងតួកគី ចាញ់កាណាដា ៣-១។
គួរដឹងថាក្រុមទាំង១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មានអាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក ដោយត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ទស្សនាវីដេអូ ជប៉ុន ៣-១ អាហ្សង់ទីន៖
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕