បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ នេះ បានទទួលយកបណ្តឹងទាមទារឱ្យដកតំណែង លោក ស្រេតថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្រ្តី ដោយសារតែការតែងតាំងរដ្ឋមន្ត្រី ទៅឱ្យអតីតមេធាវីដែលមានជាប់រឿងក្ដីព្រហ្មទណ្ឌ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។
ទោះជាយ៉ាងណា លោក Pichit Chuenban បានលាលែងពីតំណែងរួចទៅហើយកាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រឹងប្រែងដើម្បីការពារ លោក ស្រេតថា ពីសំណុំរឿងរបស់តុលាការ។
ការសម្រេចចិត្តតុលាការធម្មនុញ្ញនៅពេលនេះ នឹងក្លាយជាការរង្គោះរង្គើដល់រដ្ឋាភិបាលថៃ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣នាក់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលបច្ចុប្បន្ន ថៃកំពុងប្រយុទ្ធដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលមិនទាន់ដំណើរការបានល្អនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០លាននាក់។
លោក Pichit គឺជាជំនួយការជិតស្និទ្ធរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ជាយូរយារណាស់មកហើយ ។ ក្នុងនាមជាមេធាវី លោកបានចាញ់ក្តីក្នុងសំណុំរឿងធំៗ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងលោក ថាក់ស៊ីន ជាស្ថាបនិកនៃគណបក្សភឿថៃដែលកំពុងកាន់អំណាច។
លោក ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែកាលពីឆ្នាំ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២លានបាត (៥៥,២១៨ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោក ត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃ ព្យួររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានករណីនេះ ។
យ៉ាងណាម៉ិញ សមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលបានដាក់ញត្តិទៅតុលាការបាននិយាយថា លោក ស្រេតថា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ។
សូមជម្រាបថា លោក ស្រេតថា មិនត្រូវបានព្យួរពីតួនាទី ដោយរង់ចាំសាលក្រមក្នុងសំណុំរឿងនេះ ដូចដែលត្រូវបានស្នើដោយសមាជិកព្រឹទ្ធសភាមួយក្រុមដែលបានត្អូញត្អែរថា ការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្រ្តីទីស្ដីការនាយករដ្ឋមន្រ្តី កាលពីខែមុន គឺជាការរំលោភរដ្ឋធម្មនុញ្ញ។ ខណៈរដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕