ពានរង្វាន់បាល់ទះផ្នែកបុរស 2024 FIVB Volleyball Men’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២១ ខែឧសភា ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ស្របពេលក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈ្នះ៣ប្រកួតជាប់ៗគ្នារួមមានដូចជា៖
- ជប៉ុន ៣-១ អាហ្សង់ទីន (26–24, 22–25, 23–25, 19–25)
- ជប៉ុន ៣-០ ស៊ែប៊ី (25–20, 25–16, 25–22)
- ជប៉ុន ៣-២ គុយបា (25–18, 22–25, 23–25, 25–19, 20–22)។
គួរដឹងថាក្រុមទាំង១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មានអាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក ដោយត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕