ក្លិបបាល់ទាត់វិសាខា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសនាំចូលសមាជិកថ្មីក្នុងកូតាកីឡាករបរទេស ដើម្បីត្រៀមប្រកួតប្រជែងក្នុងពានរង្វាន់នានា រដូវកាលថ្មីៗឆ្នាំ២០២៤-២៥ ខាងមុខ នោះគឺខ្សែបម្រើប្រយុទ្ធជនជាតិកូរ៉េខាងត្បូង Park Jung-bin ដែលធ្លាប់មានបទពិសោធន៍ច្រើននៅតំបន់អឺរ៉ុប ព្រមទាំងធ្លាប់ជួយកូរ៉េខាងត្បូង ឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ថែមទៀតផង។
កីឡាករ Park Jung-bin ធ្លាប់ជាយុវជនថ្នាលក្លិប៖
*Bongdong Elementary School (봉동초등학교, 2004),
*Chunnam Dragons U12 (광양제철남초등학교, 2005-2006),
*Chunnam Dragons U15 (광양제철중학교, 2007-2009),
*Chunnam Dragons U18 (광양제철고등학교, 2010),
*VfL Wolfsburg (2010-2012)
នៅឆ្នាំ២០១៣ ជាពេលដែលកីឡាករ Park Jung-bin ទទួលបានកុងត្រាជាកីឡាករអាជីពជាមួយក្លិប Wolfsburg II ក្រោយជួយក្រុម Wolfsburg U19 ឈ្នះជើងឯក Under 19 Bundesliga នៅរដូវកាល២០១២-១៣។ នៅអាល្លឺម៉ង់ រូបគេក៏ធ្លាប់ជាសមាជិកក្រុម Greuther Fürth និងKarlsruher SC ផងដែរ។
រហូតដល់ឆ្នាំ២០១៥ កីឡាកររូបនេះបានចេញពីអាល្លឺម៉ង់ ទៅប្រកបអាជីពនៅប្រទេសដាណឺម៉ាក ដោយចូលរួមជាមួយក្រុម Hobro IK និងបន្តទៅក្រុម Viborg FF។ ដល់ឆ្នាំ២០១៩ រូបគេចេញទៅប្រកបអាជីពនៅប្រទេសស្វីស ជាមួយក្រុម Servette FC។
ដំណាច់ឆ្នាំ២០២០ Park បានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ដោយចូលរួមជាមួយក្រុមលីគកំពូលកូរ៉េខាងត្បូង FC Seoul ហើយនៅឆ្នាំ២០២២ បានចេញដំណើរទៅប្រទេសបារាំង ដោយចូលរួមជាមួយក្រុម Rodez AF។
ចំណែកនៅក្នុងជម្រើសជាតិកូរ៉េខាងត្បូង វិញ Park ធ្លាប់ជាសមាជិក U15, U16, U23 និងឈុតអូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ ឈុតអូឡាំពិករបស់កូរ៉េខាងត្បូង កាលនោះដឹកនាំដោយលោក Tae-yong Shin បច្ចុប្បន្នជាគ្រូធំរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ លោក Tae-yong Shinកាលនោះបានកោះហៅ Park Jung-bin ក៏ស្ថិតក្នុងបញ្ជីជាមួយមិត្តរួមក្រុម Son Heung-min នៅក្លិប Tottenham Hotspur បច្ចុប្បន្ន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ឈ្នះអាល់ហ្សេរី ចំនួន២ប្រកួត ឈ្នះនីហ្សេរីយ៉ា ១ប្រកួតស្មើហុងឌុយរ៉ាស់ ១ប្រកួតនិងស្មើដាណឺម៉ាក់១ប្រកួត៕