ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះលើក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងប្រកួតមិត្តភាពអន្តរជាតិ ២-០ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខណៈនេះកំណត់ត្រាមួយរបស់ក្រុមកម្ពុជា ដោយមិនទាន់ចាញ់ក្រុមម៉ុងហ្គោលី ឡើយក្នុងប្រវត្តិជួបគ្នារវាងក្រុមទាំង២ នាពេលកន្លងមក។
អត្ថបទពាក់ព័ន្ធ៖ម៉ុងហ្គោលី កោះហៅកីឡាករមកពីអឺរ៉ុបម្នាក់ ក្នុងបញ្ជី២៣នាក់ មុនហោះមកកម្ពុជា
ការប្រកួតដែលដឹកនាំដោយលោកអាជ្ញាកណ្ដាលជនជាតិថៃ Warintorn Sassadeeបានចាប់ផ្ដើមផ្លុំកញ្ចែបើកឆាកនៅម៉ោង៦:០០នាទីល្ងាច ក្រោមតំណក់ទឹកភ្លៀង ខណៈម្ចាស់គ្រាប់បាល់របស់ក្រុមកម្ពុជា រកបានដោយកីឡាករ យូដៃ អូកាវ៉ា មកពីភ្នំពេញក្រោន និង សា ទី មកពីក្លិបវិសាខា។
គិតត្រឹមពេលនេះក្រុមជម្រើសជាតិកម្ពុជា ដែលមានរហ្សនាមថា«គោព្រៃ» មានប្រវត្តិជួបគ្នាជាមួយម៉ុងហ្គោលី ចំនួន២លើកហើយ៖
*លើកទី១ ១៤ វិច្ឆិកា ២០១៩ កម្ពុជា ១-១ ម៉ុងហ្គោលី នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ
*លើកទី២ ៧ មិថុនា ២០២៤ កម្ពុជា ២-០ ម៉ុងហ្គោលី នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ
*លើកទី៣ ១១ មិថុនា ២០២៤ ម៉ុងហ្គោលី Vs កម្ពុជា នៅទីក្រុងអ៊ុលឡានបាតា ម៉ុងហ្គោលី
ចំណែកក្រុមជម្រើសជាតិចំនួន៤ដែលកម្ពុជា មិនធ្លាប់ចាញ់ទាល់តែសោះលើឆាកអន្តរជាតិ ក្រោយមានប្រវត្តិជួបគ្នាតាំងពីអតីតកាលកន្លងមកមាន៖
១) អូស្ត្រាលី (ស្មើកម្ពុជា ១-១ ឆ្នាំ១៩៦៥)
២) ប៊ូតាន់ (កម្ពុជា ឈ្នះ ២-០ ឆ្នាំ២០១៥)
៣) គុយវ៉ែត (កម្ពុជា ឈ្នះ ៤-០ ឆ្នាំ១៩៧២)
៤) ម៉ុងហ្គោលី (កម្ពុជា ឈ្នះ១លើក និងស្មើ១លើក)
អត្ថបទពាក់ព័ន្ធ៖ស្រីលង្កា ប៉ះ ប្រ៊ុយណេ ២ជើង មុនជួបកម្ពុជា ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីប
ក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមខ្លួនក្នុងការប្រកួតលើឆាកអន្តរជាតិ នានានៅក្នុងឆ្នាំ២០២៤ នេះ ពោលគឺត្រូវជួបជាមួយក្រុមជម្រើសជាតិស្រីលង្កា ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី 2027 AFC Asian Cup ក្នុងខែកញ្ញា ខាងមុខ និងបន្តប្រកួតជើងឯកតំបន់អាស៊ាន 2024 ASEAN Championship ដែលស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី, សិង្ហបុរី, ប្រ៊ុយណេ ឬ ទីម័រខាងកើត និងថៃ៕