ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា បានបរាជ័យក្នុងប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិប្រ៊ុយណេ ១ទល់០ នៅរាត្រីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ លើទីលានពហុកីឡដ្ឋានជាតិ Hassanal Bolkiah National Stadium ក្នុងរាជធានីបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
លោកអាជ្ញាកណ្តាល Thorpong Somsing ជនជាតិថៃ បានផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតនៅវេលាម៉ោង ៨:១៥ នាទីយប់ (ម៉ោងនៅប្រ៊ុយណេ) ស្របពេលដែលខ្សែបម្រើ Muhammad Azwan bin Ali Rahman មកពីក្លិប DPMM FC បានរកគ្រាប់បាល់ជ័យជម្នះឱ្យប្រ៊ុយណេ នៅនាទី៥៧ ហើយលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួតតែម្តង។
សូមទស្សនាវីដេអូប្រកួតទាំងស្រុងខាងក្រោមនេះ៖
សម្រាប់ក្រុមទាំង២នឹងបន្តជួបគ្នាជើងទី២ ទៀតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លើទីលានកីឡដ្ឋានHassanal Bolkiah National Stadium ក្នុងរាជធានីបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ ដដែល។
ក្រុមប្រ៊ុយណេ កំពុងត្រៀមខ្លួនប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2027 AFC Asian Cup qualification – play-off round ទល់នឹងក្រុមម៉ាកាវ របស់ចិន នៅដើមខែកញ្ញា ខាងមុខ ហើយនៅចុងខែកញ្ញា ក្រុមអាស៊ានដីទឹក មួយនេះត្រូវប៉ះក្រុមទីម័រខាងកើត ដើម្បីប្រកួតជម្រុះប្រចាំតំបន់អាស៊ាន ស្វែងរកក្រុមឡើងទៅវគ្គចែកពូល ពានរង្វាន់ 2024 ASEAN Championship qualification។
ដោយឡែកក្រុមជម្រើសជាតិស្រីលង្កា វិញមានបេសកកម្មប្រកួតជម្រុះបឋមនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2027 AFC Asian Cup qualification – play-off round ទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅដើមខែកញ្ញា ខាងមុខដែរ៕