ព្រឹត្តិការណ៍កីឡា ASEAN School Games លើកទី១៣ ដែលធ្វើឡើងនៅខេត្តដាឡាត់ ប្រទេសវៀតណាម បានបញ្ចប់ជាផ្លូវការហើយ ស្របពេលដែលក្រុមអត្តពលិករបស់កម្ពុជា ដណ្តើមបានមេដាយចំនួន៩គ្រឿង ជូនជាតិមាតុភូមិ ហើយនេះជាជោគជ័យត្រចះត្រចង់ បើធៀបនឹងការចូលប្រកួតកន្លងមក។
មេដាយ៩គ្រឿងរបស់កម្ពុជា រកបានក្នុងប្រភេទកីឡាវ៉ូវីណាម ទាំងអស់ដោយម្ចាស់មេដាយមាន៖
១.កីឡាការិនី អ៊ូ សូលីដា កីឡាការិនី សេង សុខលីហ្សា ទទួលបានមេដាយមាស លើវិញ្ញាសាមេគុនដាវក្រុមនារីពីរនាក់
២.កីឡាករ លឹម សំរឹទ្ធ ទទួលបានមេដាយមាស លើប្រភេទវិញ្ញាសាបុរសទម្ងន់៥៤គីឡូក្រាម
៣.កីឡាការិនី លឹម សម្ភស្ស ទទួលបានមេដាយប្រាក់លើប្រភេទវិញ្ញាសាទម្ងន់ ៥០.៩ គីឡូក្រាម
៤.កីឡាការិនី សេង សុខលីហ្សា កីឡាករ អូន សុខអាន កីឡាករ តេលា វិមានរតនះ កីឡាករ សាយ វិរៈបុត្រ ឈ្នះមេដាយសំរឹទ្ធិប្រភេទវិញ្ញាសាមេគុនការពារខ្លួន នារីម្នាក់បុរសបីនាក់ប្រើអាវុទ្ធ
៥.កីឡាការិនី អ៊ូ សូលីដា ទទួលបានសំរឹទ្ធិ លើ វិញ្ញាសាមេគុននារីឯកត្តជន
៦.កីឡាការិនី សុខ ម៉នបូរនិច ទទួលបានមេដាយសំរឹទ្ធិ លើប្រភេទនារីទម្ងន់៥៧ គីឡូក្រាម
៧.កីឡាករ អ៊ូន សុអាន ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសាបុរសប្រភេទទម្ងន់៦០ គីឡូក្រាម
៨. កីឡាករ សួន ច័ន្ទចំរើន ទទួលបានមេដាយសំរឹទ្ធិ វិញ្ញាសាបុរសប្រភេទទម្ងន់៦០ គីឡូក្រាម
៩. កីឡាការិនី អ៊ូ សូលីដា ទទួលមេដាយសំរឹទ្ធិ វិញ្ញាសាមេគុននារីឯកត្តជននារី
ព្រឹត្តិការណ៍កីឡា ASEAN School Games រៀបចំឡើងដំបូងក្នុងឆ្នាំ២០០៩ ដោយធ្វើឡើង១ឆ្នាំម្តង ហើយរហូតដល់ឆ្នាំ២០១៦ ទើបកម្ពុជា បានបញ្ជូនអត្តពលិកទៅចូលរួមប្រកួត ហើយឆ្នាំដំបូងនេះដែរ កម្ពុជា បញ្ជូនអត្តពលិកចំនួន២៣នាក់ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង លើប្រភេទកីឡាវាយកូនឃ្លីលើតុ វិញ្ញាសាប្រកួតជាក្រុមផ្នែកបុរស ដោយកីឡាករ សំណាង វិរៈបុត្រ, សឿង តុលា, ថី ហុកឡាយ, អ៊ុន មាសសម្បត្តិ។ តាំងពីចូលរួមប្រកួតមកនេះជាលើកទី២ហើយដែលកម្ពុជា ដណ្តើមបានមេដាយ។
សូមបញ្ជាក់ថា ការប្រកួត 13th ASEAN Schools Games នៅដាក់ណាង ប្រទេសវៀតណាម មាន១០ ប្រទេសចូលរួម មានដូចជាកម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤៕