បាងកក៖ លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ និងសន្ដិសុខសង្គមមនុស្ស បាននិយាយកាលពីថ្ងៃអង្គារ នេះថា អ្នកសុំទានជិត ៨,០០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃ ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ហើយជិត ៣០% នៃក្រុមអ្នកសុំទាន គឺជា ជនបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nation Thailand នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។
ទាក់ទិននឹងបញ្ហានេះ លោក កំពុងឆ្លើយតបជាមួយនឹងខមិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថា ឥលូវនេះ ចំនួនអ្នកសុំទានកាន់តែច្រើនឡើងនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅក្បែរផ្សារទំនើបធំៗ ក្នុងទីក្រុងបាងកក។ លោកថា មធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហានេះ គឺបញ្ឈប់ការឱ្យប្រាក់ទៅអ្នកសុំទាន ដោយលោកបន្ថែមថា មន្ត្រីក្រសួងកំពុងរង់ចាំជានិច្ច ដើម្បីទទួលពាក្យបណ្ដឹង។
លោក Varawut បន្ដថា ប៉ូលីសថៃ បានប្រមូលអ្នកសុំទានតាមដងផ្លូវ ចាប់ពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២៤ ដោយបន្ថែមថា ពួកគេតែងតែប្រើវិធីសាស្រ្តថ្មីៗ ដើម្បីទទួលបានប្រាក់ពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ដោយប្រើកុមារ និងសត្វចិញ្ចឹមមកសុំទានជាមួយ។
លោក បន្ថែមថា ចំពោះកុមារដែលត្រូវបានអ្នកសុំទានចាប់យកមកសុំទានជាមួយ ហើយរកឃើញថា មិនជាប់សាច់ឈាមជាមួយ នោះពួកគេនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។
លោកក៏បាននិយាយផងដែរថា ក្រសួងរបស់លោក មិនបានព្រងើយកន្តើយ ចំពោះបញ្ហានេះទេ ប៉ុន្តែបាននិងកំពុងសហការជាមួយប៉ូលីស និងមន្ត្រីមកពីរដ្ឋបាលក្រុងបាងកក (BMA) ដើម្បីត្រួតពិនិត្យតាមដងផ្លូវយ៉ាងហោចណាស់ ៥ដងក្នុងមួយខែ ដើម្បីបង្ក្រាបអ្នកសុំទាននៅតាមទីសាធារណៈ។
យ៉ាងណាម៉ិញជនបរទេស ដែលរកឃើញថា មកសុំទានក្នុងប្រទេសថៃ នឹងត្រូវនិរទេសចេញទៅស្រុកកំណើតវិញ ខណៈជនជាតិថៃ នឹងត្រូវបញ្ជូនមណ្ឌលបណ្ដុះបណ្ដាល ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម។
ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា វាពិតជាលំបាកណាស់ក្នុងការកាត់បន្ថយចំនួនអ្នកសុំទាន ពីព្រោះការផាកពិន័យគឺ នៅស្រាល និងតិចតួចចំពោះពួកគេ បើធៀបនឹងអ្វីដែលពួកគេទទួលបានពីការសុំទាន។ លោក Varawut បាននិយាយថា អ្នកសុំទានដែលដើរសុំទាននៅកន្លែងដែលមានអ្នកទេសចរច្រើនអាចរកចំណូលបានរហូតដល់ ១០ម៉ឺនបាតក្នុងមួយខែ ក្នុងរដូវបុណ្យទានម្ដង៕