លោក Facundo Tello អាជ្ញាកណ្ដាលបាល់ទាត់ដែលធ្លាប់ចាយកាតក្រហម១០សន្លឹក ដេញកីឡាករ១០នាក់ចេញពីទីលានប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកលីគបាល់ទាត់កំពូលប្រទេសអាហ្សង់ទីន Argentine Primera División champions ក្នុងឆ្នាំ២០២២ កន្លងទៅត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប អញ្ជើញឱ្យចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំប្រចាំទ្វីប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់។
លោក Facundo Tello វ័យ៤២ឆ្នាំបានក្លាយជាអាជ្ញាកណ្តាលក្រៅទ្វីបអឺរ៉ុប មុនគេ ដែលចូលរួមកាត់សេចក្តីក្នុងការប្រកួតកីឡាបាល់ទាត់ UEFA Euro បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប សហការជាមួយសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង នាំរូបលោកទៅទឹកដីអឺរ៉ុប។
បុរសជនជាតិអាហ្សង់ទីន រូបនេះបានដឹកនាំការប្រកួតក្នុងពូល F គ្រាដែលក្រុមតួរគី យកឈ្នះលើក្រុមចចជី ដោយលទ្ធផល ៣-១ លើទីលាន Westfalenstadion ក្នុងទីក្រុង Dortmund ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជិត៦ម៉ឺននាក់ នារាត្រីថ្ងៃទី១៨ ឈានចូលទី១៩ ខែមិថុនា ឆ្នាំ២០២៤។
លោកFacundo Tello កាន់កញ្ចែចាយកាតក្រហម១០សន្លឹកក្នុង១ប្រកួត ក្នុងចំណោមកាតសរុប២២សន្លឹក នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លីកកំពូលអាហ្សង់ទីន កាលពីឆ្នាំ២០២២ កន្លងទៅរវាងក្រុម Racing Club ប៉ះក្រុម Boca Juniors លើទីលានកីឡដ្ឋាន Estadio Único del Parque La Pedrera។ កាលនោះចប់លទ្ធផល១២០នាទី ក្រុម Boca Juniors ឈ្នះ Racing Club ដោយលទ្ធផល ២-១។
អត្ថបទពាក់ព័ន្ធ៖ ប្រកួត១នៅអាហ្សង់ទីន ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម១០សន្លឹក (វីដេអូ)
សូមរំលឹកថាលោកFacundo Tello បានជាប់ឈ្មោះកាត់សេចក្តីការប្រកួតលីគកំពូលអាហ្សង់ទីន ពីឆ្នាំ២០១៣ ហើយរហូតដល់ឆ្នាំ២០១៩ លោកបានបន្តជាប់ឈ្មោះជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង CONMELBOL និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។
នេះមិនមែនជាលើកដំបូងសម្រាប់លោក Tello ដែលចេញដឹកនាំការប្រកួតនៅក្រៅទ្វីបអាមេរិកខាងជើងនោះទេ កន្លងមកលោកធ្លាប់ដឹកនាំការប្រកួតនៅក្នុងពានរង្វាន់ 2021 FIFA Arab Cup ដែលធ្វើឡើងនៅប្រទេសកាតារ និង ពានរង្វាន់ 2022 FIFA World Cup នៅប្រទេសកាតារជាដើម៕