ខ្សែប្រយុទ្ធ Pablo Augusto Servo de Carvalho ហៅកាត់ថា Pablo ជនជាតិប្រេស៊ីល បានធ្វើដំណើរមកកាន់ទ្វីបអាស៊ី ជាលើកទី២ ដោយចូលរួមជាមួយក្លិបនៅលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្រោយពី៧ឆ្នាំមុន រូបគេបានធ្វើដំណើរមកចាប់អាជីពក្នុងទ្វីបអាស៊ី ជាលើកដំបូង នៅលីគក្នុងប្រទេសជប៉ុន។
បើតាមការប្រកាសលើបណ្ដាញសង្គមរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កីឡាករ Pablo នឹងពាក់អាវលេខ៨ ដោយរូបគេនឹងជំនួសម៉ាស៊ីនរកគ្រាប់បាល់ចាស់របស់ក្លិប គឺMarcus Haber ដែលចាកចេញក្រោយចប់រដូវកាលឆ្នាំ២០២៤ កន្លងទៅនេះ។
កីឡាករ Pablo បានចាប់អាជីពបាល់ទាត់ជាមួយក្លិប Audax-RJ U20 នៅឆ្នាំ២០១៤ ហើយរូបគេបានផ្លាស់ប្តូរពីក្លិបមួយទៅក្លិបមួយក្នុងប្រទេសកំណើតខ្លួន រហូតដល់ឆ្នាំ២០១៦ ទើបក្លិប FC Ryukyu សមាជិកលីគទី៣របស់ជប៉ុន នាំយករូបគេមកកាន់ទ្វីបអាស៊ីជាលើកដំបូង ក្នុងលក្ខខណ្ឌខ្ចីជើង ហើយរូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប Kataller Toyama សមាជិកលីគទី៣ជប៉ុន ក្នុងឆ្នាំ២០១៧ ផងដែរ។
ចេញពីជប៉ុនកីឡាករវ័យ២៨ឆ្នាំរូបនេះត្រឡប់ទៅបន្តអាជីពក្នុងស្រុកកំណើតខ្លួនវិញ ដល់រដូវកាល២០២៣-២៤ បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដោយចូលរួមក្នុងក្លិប Naxxar Lions F.C សមាជិកលីគកំពូលប្រទេសម៉ាល់តា ព្រមទាំងបង្ហាញខ្លួនលើទីលានបានចំនួន២៤ប្រកួតទៀតផង។
ក្រុមព្រះខ័នរាជស្វាយរៀង ទើបតែឈ្នះពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទាំង២ក្នុងឆ្នាំតែ១ នៅរដូវកាលឆ្នាំ២០២៣-២៤ ថ្មីៗនេះ ហើយមានកៅអីតំណាងឱ្យកម្ពុជា ដោយស្វ័យប្រវត្តិ ចូលរួមប្រកួតក្នុងពានរង្វាន់តំបន់អាស៊ាន 2024–25 ASEAN Club Championship ជម្រុះទល់នឹងក្រុម Young Elephants ជើងទី១ នៅថ្ងៃទី១៧ កក្កដា និងជើងទី២ នៅថ្ងៃទី២៤ កក្កដា។ អ្នកឈ្នះឡើងទៅវគ្គចែកពូលជាបន្ត។
ជាមួយគ្នានេះដែរក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះមានឈ្មោះចូលរួមប្រកួតពានរង្វាន់កម្រិតទ្វីបអាស៊ី 2024–25 AFC Challenge League ដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ី នៅពេលខាងមុខទៀតផង៕