កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ការប្រកួតនៅដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា។ ព្រឹត្តិការណ៍ នឹងមានប្រទេសចូលរួមចំនួន ៨ គឺកម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និង អារ៉ាប់រួម។
ចំពោះលក្ខខណ្ឌនៃការប្រកួតព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 សម្រាប់ក្រុមដែលចូលរួមចំនួន ៨ប្រទេស គឺត្រូវបែងចែកជា ២ពូល ដើម្បីប្រកួតជម្រុះយកក្រុមខ្លាំងចំនួន ២ប្រទេស ទៅប្រកួតវគ្គផ្ដាច់ប្រ័ត្រ និងឡើងទៅកាន់ Group III។
សម្រាប់ការចូល ទស្សនាគឺឥតគិតថ្លៃ និងបើកចំហជាសាធារណៈ ដូចនេះសូមអញ្ជើញមកលើកទឹកចិត្តក្រុមកម្ពុជា។
រំលឹកថា ក្រុមវាយកូនបាល់របស់ជម្រើសជាតិកម្ពុជា និងក្រុមស្រីលង្កា បានដឹកដៃគ្នាឡើងទៅប្រកួត 2023 Davis Cup Asia/Oceania Zone Group III ក្រោយដណ្តើមកៅអីបានជាក្រុមខ្លាំងក្នុង Group IV កាលពីឆ្នាំ២០២២។
សម្រាប់ក្រុមវាយកូនបាល់កម្ពុជា បានចូលរួមប្រកួតក្នុងពានរង្វាន់ Davis Cup លើកដំបូងនៅឆ្នាំ២០១២ ស្ថិតក្នុង Group IV ហើយនៅឆ្នាំ២០១៣ ទទួលបានឱកាសឡើងទៅប្រកួតក្នុង Group III ជាបន្ត ព្រមទាំងរក្សាកៅអីរហូតដល់ឆ្នាំ២០១៧ ទើបធ្លាក់ទៅលេង Group IV វិញ ខណៈរង់ចាំរហូតដល់៦ឆ្នាំទើបទទួលបានឱកាសឡើងទៅ Group III ម្តងទៀតពោលគឺនៅឆ្នាំ២០២៣៕