តារាឆ្នើមរបស់ អាល្លឺម៉ង់គឺកីឡាករ Jamal Musiala បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួននៅ Euro 2024 ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់មុនគេ ក្នុងជ័យជម្នះ ២ប្រកួតជាប់គ្នា ជួយអោយអាល្លឺម៉ង់ ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយមុនគេ។
ក្នុងជំនួបជើងទីមួយ ខ្សែប្រយុទ្ធមានវ័យ២១ឆ្នាំរូបនេះ បានរកគ្រាប់បាន១គ្រាប់នៅនាទីទី ១៩ជួយអោយអាល្លឺម៉ង់ យកឈ្នះលើស្កុតឡេន ក្នុងលទ្ធផល ៥ទល់និង១ កាលពីរាត្រីថ្ងៃទី១៥ មិថុនា លុះក្នុងការប្រកួតនៅជើងទីពីរ កីឡាករបម្រើស្លាប និងជាខ្សែបម្រើប្រយុទ្ធ បានបន្តរកគ្រាប់បាល់បាន១គ្រាប់ថែមទៀត នៅនាទីទី២២ ក្នុងជំនួបយកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២ទល់និង០ កាលពីរាត្រីថ្ងៃទី១៩ មិថុនា។
សម្រាប់ជ័យជម្នះទាំង ២ប្រកួតនៅវគ្គជម្រុះក្នុងពូលនេះ បានធ្វើអោយក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann ក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ នៃពូល A ព្រឹត្តិការណ៍ UEFA Euro 2024។
តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
អាល្លឺម៉ង់ ឈ្នះ២ប្រកួត ៦ពិន្ទុ
ស្វីស ឈ្នះ១ ស្មើ១ ៤ពិន្ទុ
ស្កុតឡេន ស្មើ១ ចាញ់១ ១ពិន្ទុ
ហុងគ្រី ចាញ់២ មិនទាន់មានពិន្ទុ។
កម្មវីធីប្រកួតនៅថ្ងៃនេះ រួមមាន៖
រូម៉ានី ប៉ះ ស៊ែប៊ី វេលាម៉ោង ៨:០០នាទីយប់
ដាណឺម៉ាក ប៉ះ អង់គ្លេស វេមាម៉ោង ១១:០០នាទីយប់
អេស្ប៉ាញ ប៉ះ អ៊ីតាលី វេលាម៉ោង ២:០០នាទីរំលង់អាធ្រាត
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕