ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បានទៅដល់ទឹកដីប្រទេសថៃហើយ កាលពីថ្ងៃទី២៣ ខែមិថុនា និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិ U20 វៀតណាម នឹងដណ្ដើកៅអីជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូនេស៊ី។
ការប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃនេះ នៃកម្មវិធីប្រកួត វគ្គជម្រុះ SOUTHEASTERN ZONE រវាង ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២០ឆ្នាំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០ នាទី នៅកីឡដ្ឋាន NAKHON PATHOM GYM ប្រទេសថៃ។
ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់អាស៊ីកណ្តាល)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ AVC 22ND Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕
ខាងក្រោមនេះគឺជាសមាសភាពក្រុមបាល់ទះ U20 កម្ពុជា ទាំង១២នាក់៖